ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវប្រុសក្មេងដែលជាគូស្នេហ៍ វាយរហូតសន្លប់ ក្រោយប្រុសក្មេងនាំស្រីក្មេងមកផឹកជាមួយទៀត ធ្វើស្ត្រីចំណាស់ខឹងសម្បារយ៉ាងខ្លាំង បង្កជាជម្លោះប្រតាយប្រតប់គ្នាតែម្ដង ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើល កាលពីម៉ោង ២៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៨៩ នៅចំណុចការាសសាំងតេលា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
បើតាមសម្ដីស្ត្រីរងគ្រោះមានឈ្មោះ ម៉ាលី អាយុ៥០ឆ្នាំ ស្នាក់នៅម្តុំបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានស្រលាញ់គ្នាជាមួយនឹង បុរសម្នាក់ដែលមានអាយុជាង២០ឆ្នាំរយៈពេលជាង ៦ខែមកហើយ ដោយស្គាល់គ្នាដំបូងតាមរយៈការផឹកស៊ីជាមួយគ្នា ស្រវឹងឌឺដងដាក់គ្នា ដោយខាងប្រុសតែងតែហៅគាត់ថា «យាយចាស់» ។ បន្ទាប់មកទៀត គាត់នឹកឃើញថា ប្រុសក្មេងស្រវឹងស្រាក៏នាំទៅដេកផ្ទះរបស់គាត់ ស្រាប់តែប្រុសក្មេងរូបនោះ បានចាប់បំពានសេពសន្ថវៈគាត់បានសម្រេច រហូតស្រលាញ់គ្នាអស់រយៈពេល ៦ខែមកហើយ ។
ជនរងគ្រោះបន្តថា នៅថ្ងៃកើតហេតុនេះ ប្រុសក្មេងបានសន្យាថា នាំគាត់ទៅដើរលេងឆ្លងឆ្នាំ និងផឹកស៊ីជាមួយគ្នា ប៉ុន្តែបែរជាដល់ថ្ងៃកំណត់ ប្រុសក្មេងបាននាំស្រីក្មេងម្នាក់ទៀត មកផឹកស៊ីជាមួយ ហើយគាត់គឺជាអ្នកចេញលុយថែមទៀត ធ្វើឲ្យគាត់ខឹងតែម្តង ។ លុះពេលផឹកស៊ីស្រវឹងហើយ ក៏បានទារលុយពីប្រុសក្មេងវិញ ស្រាប់តែខាងប្រុសក្មេងខឹងក៏វាយទាត់ធាក់ រួចបោចសក់បោកទៅនឹងថ្នល់ បណ្តាលឱ្យគាត់ហើមដៃអស់មួយជំហៀងខាងស្តាំ និងសន្លប់ស្តូកស្តឹងតែម្តង ។ ភ្លាមៗនោះដែរ គាត់ក៏ងើបមកវិញ ក៏ស្រាប់តែទទឹកពេញខ្លួនតែម្តង ដោយសារប្រុសក្មេងវាយគាត់ ហើយជះទឹកលើរូបគាត់ រួចគេចខ្លួនបាត់ស្រមោលទៅ ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះក៏បានទៅដល់ពាក្យបណ្តឹង នៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកក់១ ដើម្បីជួយអន្តរាគមន៍ និងផ្តាច់ទំនាក់ទំនងជាមួយប្រុសក្មេងរូបនោះ ៕