ភ្នំពេញ៖ ក្រុមការពារសម្បុកនៃអង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានរកឃើញសម្បុកកន្ធាយក្បាលកង្កែប (ឬល្មិច) លើកដំបូងចំនួនមួយសម្បុកមាន ៣២ពង នៅលើឆ្នេរខ្សាច់ តាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ នៅដើមរដូវពងកូនចុងឆ្នាំ ២០២០នេះ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក អង្គការ WCS នៅថ្ងៃទី៣០ ធ្នូនេះ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ កន្ធាយក្បាលកង្កែបចាប់ផ្តើម ធ្វើការបន្តពូជចន្លោះពីខែវិច្ឆិកា ដល់ខែ ឧសភា។ បច្ចុប្បន្ន ក្រុមសហគមន៍ការពារសំបុក កំពុងយាមការពារសម្បុកនេះ ដើម្បីកុំឱ្យជនល្មើសលួចឬបំផ្លាញ។
ក្រុមការងាររំពឹងថា នឹងអាចរកឃើញសម្បុកពងកូន របស់កន្ធាយក្បាលកង្កែបដែល ជាប្រភេទជិតផុតពូជបំផុតនេះបន្ថែមទៀត ក្នុងរដូវកាលពងកូនចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។
កម្មវិធីការពារសំបុកនេះទទួលបាន ការគាំទ្រថវិកាពីសហភាពអឺរ៉ុបក្រោមគម្រោង «ភាពជាដៃគូប្រឆាំងបទល្មើសសត្វព្រៃ» Margaret A. Cargill និងគម្រោងព្រៃឡង់បៃតងគាំទ្រ ដោយទីភ្នាក់ងារជំនួយអាមេរិក USAID (USAID-GPL) ៕