រកឃើញរថយន្តខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ នាយរងព្រហ្មទណ្ឌកម្រិតស្រាល គឺយកទៅប្លុងចោលនៅខណ្ឌព្រែកព្នៅ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 យកទៅដោះស្លាកលេខចេញ រួចប្លុងចោលនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងគេចខ្លួនបាត់ស្រមោលអស់ ។

សូមរំលឹកថា មុននឹងខ្មាន់កាំភ្លើងបាញ់សម្លាប់ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្មោះ រ៉េត ស៊ីនេត មានអាយុ៤០ឆ្នាំ គឺរថយន្តនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយប៉ះគ្នាបន្តិចបន្តួច ជាមួយរថយន្តលោកនាយរង ក្រោយមកក៏ចុះចរចាគ្នា តែមិនត្រូវក៏ជនសង្ស័យដកកាំភ្លើង បាញ់សម្លាប់លោកនាយរងតែម្ដង ។

សូមបញ្ជាក់ផងដែរថា នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍បាញ់ប្រហារនេះ បានបង្កការភ្ញាក់ផ្អើល កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕