ពលករខ្មែរធ្វើចំណាកស្រុកជាង៥០ នាក់បោះជំរំក្នុងព្រៃ ក្បែរព្រំដែនថៃ – កម្ពុជា ត្រូវទាហានថៃចាប់បញ្ជូនមកខ្មែរវិញ

0

ភ្នំពេញ ៖ ពលករខ្មែរមានប្រុស – ស្រី រួមនឹងក្មេងតូចៗចំនួន ៥២ នាក់បានលួចចូលទឹកដីថៃ បោះជំរំស្នាក់នៅលើទឹកដីថៃ ជាប់នឹងព្រំដែន ថៃ – កម្ពុជា ដើម្បីបន្តដំណើរស្វែងរកការងារធ្វើនៅខេត្តជាប់ព្រំដែន ត្រូវបានកម្លាំងយោធាការពារព្រំដែនថៃ លេខ ១២១ សហការជាមួយតម្រួតនៅក្នុងតំបន់ ព្រមទាំងកម្លាំងអន្តោប្រវេសន៍ខេត្តស្រះកែវ បានធ្វើការឃាត់ខ្លួន ដើម្បីសាកសួរ ដោយពលករខ្មែរទាំងអស់នេះ បានលួចឆ្លងដែនតាមច្រករបៀង ចូលទៅក្នុងទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាត ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាការឃាត់ខ្លួនពលករខ្មែរទាំងនេះ នៅព្រលប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ ក្នុងព្រៃដែលជាតំបន់ឧទ្យានជាតិប៉ាស្ងួន ដោយមានបទបញ្ជាផ្ទាល់ ពីថ្នាក់ដឹកនាំតម្រួតខេត្ត គឺលោក អម្រឹត បុណ្យសុយ៉ា ក្នុងគោលបំណង គឺអនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលថៃ ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ ដែលកំពុងយាយីខ្លាំង នៅក្នុងប្រទេសថៃ ដោយកម្លាំងសហការទាំងនេះបានចេញប្រតិបត្តិការ ទៅកាន់ ចំណុចភូមិ ១៤ ឃុំ ណងមួយ ស្រុក គោកធ្យូង ខេត្ត ស្រះកែវ ដើម្បីពិនិត្យ ។

សមត្ថកិច្ចថៃបានបញ្ជាក់ប្រាប់សមត្ថកិច្ចកម្ពុជាឲ្យដឹងថា ការបោះជំរំស្នាក់នៅនោះមានពលករខ្មែរចំនួន ៥២ នាក់ ក្នុងនោះ ស្រី ២៤ ប្រុស ២១ និង ក្មេងតូចៗចំនួន ៧ នាក់ ហើយបានបញ្ជូនមកឲ្យសមត្ថកិច្ចខ្មែរ ដើម្បីចាត់ការបន្ត ។

សមត្ថកិច្ចខ្មែ បានប្រាប់ឲ្យដឹងដែរថា ៖ ពលរដ្ឋខ្មែរទាំង ៥២ នាក់ ត្រូវបានក្រុមមន្ត្រីសុខាភិបាលស្រុក ត្រូតពិនិត្យយ៉ាង យកចិត្តទុកដាក់ និងវាស់កម្តៅ តែគ្មាននរណាម្នាក់មានកម្តៅខ្ពស់គួរឲ្យព្រួយបារម្ភឡើយ ។
ពលករទាំងនោះបាននិយាយថា ពួកគេមកពីខេត្តសៀមរាបទាំងអស់គ្នា ដោយបានលួចឆ្លងដែន ចូលតាមច្រករបៀង ដើម្បី ស្វែងទៅរកការងារកសិកម្មធ្វើ ក្នុងស្រុក គោកធ្យូង និងស្រុក ក្បែរខាងដោយបានកម្រៃក្នុង ០១ ថ្ងៃ គឺម្នាក់ចាប់ពី ២០០ ទៅ ៣០០ បាត ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅកាន់ ទីក្រុងបាងកកឡើយ ។
ពលករខ្មែរទាំងនេះត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរនៅក្នុងតំបន់ បញ្ជូនតាមរថយន្តយកទៅកន្លែងត្រួតពិនិត្យ វាស់កំដៅ និងធ្វើចក្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដើម្បីការពារវីរុសកូវីដ -១៩ ៕