ភ្នំពេញ៖ ពិតជាមិនធម្មតាមែន លោកចោរម្នាក់ តែងតែធ្វើសកម្មភាពឆក់កាបូបជាច្រើនលើក ច្រើនសារ ដើម្បីយកលុយទៅចិញ្ចឹមស្រីស្នេហ៍ រហូតដល់ទៅ ៣នាក់ ។
ពាក់ព័ន្ធករណីនេះ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ធ្នូនេះ បានសម្រេចចោទប្រកាន់ លើជនសង្ស័យម្នាក់នេះ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ច្រើនលើក) និងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ។
ជនសង្ស័យមានឈ្មោះ មាស កុសល ហៅ អាស្តាស់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
បើតាមលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៤៖៣០នាទីរសៀល កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើស ឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ធ្លាប់ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ឆក់កាបូបចំនួន ៩លើកមកហើយ ។ រាល់ពេលចេញធ្វើសកម្មភាពម្ដងៗ គឺជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ១គ្រឿង ដែលមានពាក់ស្លាកលេខ ភ្នំពេញ 1IH-0319 ៕