បុណ្យគ្រីស្ទម៉ាស! សម្ដេចតេជោ៖ បងប្អូនគ្រីស្ទបរិស័ទ មិនបានប្រារព្ធពិធី ឲ្យបានអធិកអធ័មទេ តែធ្វើលក្ខណៈគ្រួសារតាមផ្ទះ

0

ភ្នំពេញ៖ ស្របពេលដែលថ្ងៃនេះ ជាថ្ងៃបុណ្យគ្រីស្ទម៉ាស (Christmas) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដោយសារប្រទេសកម្ពុជា កំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្ន ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះបងប្អូនគ្រីស្ទបរិស័ទ មិនបានប្រារព្ធពិធីនេះ ឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារ នៅតាមគេហដ្ឋានរៀងៗខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃទី២៥ ខែធ្នូ នេះជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) ដែលជាបុណ្យដ៏សំខាន់របស់ បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)។ ដោយសារប្រទេសយើងកំពុងតែ ស្ថិតក្នុងការប្រុងប្រយ័ត្ន ប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើង មិនបានប្រារព្ធពិធីនេះឲ្យបាន អធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារ នៅតាមគេហដ្ឋានរៀងៗខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់» ។

សម្ដេចតេជោ ក៏បានជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

ទន្ទឹមនឹងនេះ សម្ដេច បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយ ដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ៕