ឈប់ច្រឡំ! លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថាមានពលករខ្មែរម្នាក់ ឆ្លងកូវីដ១៩ ក្នុងទឹកដីថៃ មិនមែនឆ្លងកម្ពុជា ចូលទៅថៃទេ

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា មានពលករខ្មែរម្នាក់ ឆ្លងជំងឺកូវីដ១៩ នៅក្នុងទឹកដីប្រទេសថៃ មិនមែនឆ្លងពីកម្ពុជា ចូលទៅថៃ ដូចមជ្ឈដ្ឋានមួយចំនួនលើកឡើងនោះទេ ។

លោកស្រីបន្តថា ពលករខ្មែរម្នាក់នោះ ស្ថិតក្នុងក្រុមពលករ ដែលធ្វើដំណើរពីខេត្តឈុនបូរី ទៅកាន់ទីក្រុងបាងកក ហើយត្រូវបានថៃរកឃើញឆ្លងជំងឺកូវីដ-១៩ ។

តាមរយៈបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា «អ្វីដែលខ្ញុំទទួលបានព័ត៌មាន គឺពលករទាំងនេះគាត់បានចេញពីឈុនបូរី មកបាងកក ទេ នៅក្នុងពេលថ្មីៗនេះ ហើយត្រូវបានអាជ្ញាធរថៃរកឃើញមានកូវីដ-១៩ ម្នាក់ ។ ដូច្នេះ មិនមែនគាត់មានកូវីដ-១៩ ពីកម្ពុជារួចហើយបាន ចូលប្រទេសថៃនោះទេ។ បើតាមព័ត៌មានដែលបានផ្តល់មក គឺពួកគាត់បានចេញទៅថៃ តាំងពីមុនមានហេតុការណ៍ផ្ទុះ ឡើងនូវការរកឃើញវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន» ៕