ភ្នំពេញ៖ នគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាក្នុងគ្រួសារ ដើម្បីយកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ។ ករណីនេះ បានកើតឡើងកាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧និង១០នាទី ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថុល ភឹន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ុល សាវ៉េត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧និង១០នាទី ជនដៃដល់បានមកពីដើរលេងវិញ ដោយមិនឃើញប្រពន្ធនៅផ្ទះ នៅតែកូន ។ ភ្លាមនោះជនសង្ស័យបាន ទូរស័ព្ទហៅជនរងគ្រោះ ហើយជនរងគ្រោះឆ្លើយថា ចាំបន្តិចៗ ចាំយូទៅៗមិនទាន់ឃើញមក ខណៈជនរងគ្រោះមកដល់ផ្ទះបាន ឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យ ជាហេតុធ្វើឲ្យជនសង្ស័យទ្រាំមិនបាន ក៏ស្ទុះទៅធាក់ជនរងគ្រោះមួយជើង និងដាល់ចំនួន០១ដៃចំភ្នែកខាងឆ្វេង បណ្ដាយឲ្យបែកឈាម ហើយត្រូវបានក្រុមគ្រួសារ និងបងប្អូនយកទៅព្យាបាលភ្នែក នៅមន្ទីរពេទ្យបង្អែកជ័យជំនះ នៅក្រុងតាខ្មៅ ។
ជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ នាំខ្លួនយកមកប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ៕