ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពលួច ខោលីអូមនុស្សស្រី និងស្បែកជើងមួយគូរ ។ ករណីកើតឡើងកាលពីម៉ោង ៣៖៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនរងគ្រោះ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ កែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ ។ ដោយឡែកជនសង្ស័យឈ្មោះ ឆែម ឆោម ហៅឆើត អាយុ២៥ឆ្នាំ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាកើតហេតុ ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់ ក៏ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពផ្លោះរបងឡើង លើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើងមួយគូរ និង ខោលីអូស្រី ពណ៌ស្វាយមួយ ។ ពេលនោះក៏ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង ស្រែកផ្អើលឆោឡោឡើង ដេញចាប់ខ្លួនបាន ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី អោយចុះមកឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់បានដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅពេលយប់បាន ២ដងរួចមកហើយ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ២ដង ក្នុងករណីអំពើលួច ជាប់គុករយៈពេល១ឆ្នាំកន្លះ ៕