ភ្នំពេញ៖ ទូតកម្ពុជា ប្រចាំប្រទេសថៃ បានហាមពលករខ្មែរចល័ត ចេញ–ចូល តំបន់ដែលមានការរីករាលដាល ជំងឺកូវីដ–១៩ខណៈខេត្តសាមុតសាខនរបស់ថៃកំពុងផ្ទុះជំងឺកូវីដ១៩ ។
យោងតាម morning សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំ ប្រទេសថៃឱ្យដឹងថា ដើម្បីគ្រប់គ្រង និងការពារមិនឱ្យមានការរីករាលដាលជំងឺកូវីដ–១៩ ទៅលើពលករបរទេសទាំងអស់ ដែលជាហេតុបង្កឱ្យ មានផលប៉ះពាល់ ដល់អាយុជីវិត និងសុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្រសួងការងារថៃ បានចេញសេចក្តីប្រកាសស្នើសុំ កិច្ចសហការពីនិយោជក រោងចក្រសហគ្រាស និងក្រុមហ៊ុននានាគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ ត្រូវអនុវត្ត ដូចជា ហាមចល័តពលករបរទេស ចេញ–ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ–១៩។
សេចក្តីប្រកាសបន្តថា ត្រូវមានវិធានការ ការពារនិងត្រួតពិនិត្យ ដូចជា វាស់កម្តៅពលករបរទេស បើមានកម្ដៅលើស ឬមានអាការៈខុសប្រក្រតី ដូចជា ក្អក ពិបាកដកដង្ហើម គួរឱ្យពលករ នោះសម្រាកពីការងារនិងប្រញាប់រួសរាន់ជូនដំណឹងដល់ទីភ្នាក់ងារសុខាភិបាលដើម្បីអនុវត្តវិធានការចត្តាឡីស័កភ្លាមៗ។ រៀបចំអាល់កុលសម្រាប់លាងដៃ នៅតាមទីកន្លែងធ្វើការ ច្រកទ្វារចេញ–ចូលនិងតាមបន្ទប់ទឹក។ តម្រូវឱ្យពលករបរទេសត្រូវពាក់ម៉ាស់ ពាក់ស្រោមដៃ និងរក្សាគម្លាតពី ១–២ម៉ែត្រ ក្នុងកំឡុងពេលបំពេញការងារព្រមទាំងថែរក្សា និងសម្អាតឧបករណ៍ដែលប្រើ ប្រាស់ជាប្រចាំ និង ផ្សព្វផ្សាយ និងពន្យល់ណែនាំពលករបរទេសឱ្យយល់ដឹងពីវិធីការពារខ្លួនពីជំងឺកូវីដ–១៩ ដោយខ្លួនឯង។
ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានអំពាវនាវសូមបងប្អូនពលករខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធិភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ បន្តទៀត។
ក្នុងករណីបងប្អូនមានបញ្ហា សូមទំនាក់ទំនងមកកាន់ស្ថានទូតជាបន្ទាន់៕