ដំណឹងល្អ ! អ្នកជំងឺកូវីដ១៩ចំនួន២នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងគ្មានករណីឆ្លងថ្មី

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា មិនមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់។

សូមរំលឹកថា គិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានរយៈពេល៧ថ្ងៃជាប់ៗគ្នាហើយ ដែលក្រសួងសុខាភិបាល មិនមានរកឃើញករណីឆ្លងថ្មី ចូលក្នុងសហគមន៍។

យោងតាមសេចក្សីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ទាំង២នាក់ថ្មីនេះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្នាក់នៅបុរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៣៤៧នាក់ និងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន១៦នាក់ (គ្មានអ្នកស្លាប់)៕