ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹង ហើយបានចុះត្រាំក្នុងទឹកអូរ បណ្តាលឲ្យកើតជាខ្យល់គស្លាប់នៅក្នុងទឹក ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧៖៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
បន្ទាប់ពីបានទទួលបានដំណឹងនេះ កម្លាំងផ្នែកជំនាញក្រុងនៃ អធិការក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ពានមានជ័យ បានសហការជាមួយកម្លាំងជំនាញ ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ សាកសពនៅនឹងកន្លែងកើតហេតុ ។
សាកសពនៅក្នុងទឹកអូរអណ្តែតផ្កាប់មុខ ក្រោយធ្វើការពិនិត្យនិងធ្វើកោសល្យ វិច័យទៅលើដងខ្លួននៃសព កម្លាំងសមត្ថកិច្ចបានបញ្ជក់ថា សាកសពពុំមានស្លាកស្នាមអ្វី គួរអោយកត់សំគាល់ឡើយ ដោយមានតែស្លឹកត្រចៀកខាងឆ្វេងតែប៉ុណ្ណោះ មានស្នាមដាច់ដោយសារត្រីប្រចិកតែប៉ុណ្ណោះ ។
តាមការឲ្យដឹងពីឈ្មោះ ទាវ ភារ៉ា អ្នកនៅក្បែរគ្នាប្រាប់ថា ល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះឈ្មោះ ប៉ុន ម៉ៅ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបណ្តោះអាសន្នភូមិ-ឃុំកើតហេតុ បានផឹកស្រាស្រវឹង ហើយប្រាប់ថា ទៅកន្លែងកោសជប់ដោយសារមិនស្រួលខ្លួន ។ ស្រាប់តែព្រឹកឡើងឃើញម៉ូតូ នៅចិញ្ចើមផ្លូវក្បែរច្រកចូលផ្ទះ ក៏រុញម៉ូតូយកទុកឲ្យ ដោយសង្ស័យក៏តាមរកឃើញទូរស័ព្ទនៅក្បែរដើមខ្នុរចម្ងាយពីអូរ១៥ម៉ែត្រ ឃើញស្នាមដេក និងស្បែកជើងនៅមាត់អូរ និងស្នាមជើងចុះអូរ តែរកមនុស្សមិនឃើញ លុះព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី ទើបឃើញសពអណ្តែតទឹកអូរ ក៏បានរាយការណ៍មកសមត្ថកិច្ចតែម្តង ។ តាមកាសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជក់ថា ជនរងគ្រោះបានស្លាប់ដោយសារផឹកស្រាស្រវឹង ហើយបានចុះត្រាំទឹក បណ្តាលឲ្យខ្យល់គដួលលង់ទឹកស្លាប់តែម្តង ។
ក្រោយពីធ្វើកោសល្យវិច័យរួច កម្លាំងសមត្ថកិច្ចបានប្រគល់សព ជូនឪពុកមាយកទៅធ្វើបុណ្យតាមប្រពៃណី ៕