ភ្នំពេញ៖ ក្នុងឱកាសចូលរួម ពិធីមង្គលការគូស្វាមីភរិយាថ្មី កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកឧកញ៉ាកសិកម្ម ម៉ុង ឫទ្ធី បានឲ្យដឹងថា មានតាអាយុ ៦៦ឆ្នាំ និងយាយអាយុ ៥៥ឆ្នាំ បានសម្រេចរៀបការជាមួយគ្នា ហើយប្ដេជ្ញាយកកូន ២នាក់បន្ថែមទៀត ដើម្បីឲ្យគ្រប់ ១៦នាក់ ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា «វេលាម៉ោង ៤រសៀល ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ មកចូលរួមក្នុងពិធីមង្គលការ កូនកំលោះឈ្មោះឡុច សុផលអាយុ៦៦ឆ្នាំ មានកូន ៩នាក់ និងចៅ ៥នាក់ មុខងារជាប្រធានភូមិក្មេងវត្ត (ហៅតាពៅ) ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចំការដូងប្រេង) ប្រពន្ធមុនស្លាប់ចោលគាត់ដោយសារជំងឺ រៀបការជាមួយកូនក្រមុំឈ្មោះប្រាជ្ញ យឿន អាយុ៥១ឆ្នាំ មានកូន ៥នាក់ និងចៅ ៥នាក់ ប្តីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំណែកតាផល់បាន ចាប់ចិត្តស្រឡាញ់យាយយឿន តាំងពីថ្ងៃចូលរួមបុណ្យបូជាសព ប្តីយាយយឿនមកម្លេះ បើតាមការឲ្យដឹងពីកូនកំលោះ និងកូនក្រមុំថា និងខិតខំប្រឹងប្រែងយកកូនអោយបាន ២នាក់ទៀតបង្គ្រប់ ១៦នាក់ ខ្លាចក្រែងខ្ញុំមិនជឿគាត់បាន ថើបគ្នាទុកជាភស្តុតាង ខ្ញុំបានចងដៃពួកគាត់ និងសូមជូនពរឲ្យចេះថែរក្សាគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង សូមបញ្ជាក់ថាមានភ្ញៀវមកចូលមិនដល់ ៥០នាក់ទេ» ។







