ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់ជីវិត ក្រោយហូបស្ងោជ្រកត្រីកំពត របស់ជីតា ដែលទៅស្ទូចបានពីសមុទ្រ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។
ក្មេងប្រុសរងគ្រោះឈ្មោះ ក្រិន អាយុ ១១ឆ្នាំ រស់នៅក្នុងបន្ទុកយាយ.តា ។ ចំណែកជីតាឈ្មោះ មិន អាយុ៦៧ឆ្នាំ មានមុខរបរជុសជុលសាឡុង យាយឈ្មោះ ម៉ៅ អាយុ៦៧ឆ្នាំ មុខរបរស៊ីឈ្នួលមើលកូនឲ្យគេ ម្តាយបង្កើតបានចំណាក់ស្រុក ទៅធ្វើការនៅប្រទេសថៃ។
បើតាមជីតាក្មេងប្រុសរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ដោយជីវភាពគាត់ក្រីក្រ ក្នុងគ្រួសារនៅពេលល្ងាចគាត់ បាននាំចៅគាត់ជិះកងទៅស្ទូចត្រី នៅមាត់សមុទ្រព្រែកកោះប៉ោរ គាត់ស្ទូចបានត្រីកំពត ២ក្បាល គាត់ក៏វិលត្រឡប់មកផ្ទះវិញ ដើម្បីធ្វើម្ហូបឲ្យចៅគាត់ហូប ចំណែករូបគាត់ក៏ហូបដែរ តែគាត់ហូបតែសាច់ត្រីបន្តិចទឹកបន្តិច ហើយពងត្រីគាត់ដួសឲ្យចៅហូប តែនៅពេលនោះចៅគាត់មិនអីទេ សុខភាពស្រួលធម្មតាដល់ប្រហែល ១ម៉ោងក្រោយមកទើបចៅគាត់ចាប់ផ្តើមក្អូតចង្អោ គាត់ចាប់ផ្តើមប្របាច់ជើងដៃយូរទៅៗ ចៅគាត់កាន់ធ្ងនធ្ងន់គាត់ក៏បានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្រ្គោះតែវាហួសពេលហើយ ចៅគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ។
ជីតាបន្ថែមថា គាត់មិនស្គាល់ត្រីកំពតទេ បើគាត់ស្គាល់ប្រភេទត្រីកំពត គាត់មិនយកមកឲ្យចៅគាត់ហូបទេ គាត់មានតែចៅម្នាក់នេះគត់ជាថ្លើមជីវិតគាត់ ៕