លើកទី១ ស្រវឹងស្រា​ ផឹកថ្នាំ​បាញ់​សម្លាប់ស្មៅ ជួយសង្គ្រោះទាន់ លើកទី២ ផឹកថ្នាំបាញ់សម្លាប់ខ្យង​ ជួយលែងទាន់ ស្លាប់ចោលប្រពន្ធកូន​

0

ភ្នំពេញ៖​ បុរស​ម្នាក់​ក្រោយ​ផឹកស្រា​ ស្រវឹង​សួរ​ប្រពន្ធ​រក​ថ្នាំលេប​ ប្រពន្ធ​ថា​គ្មាន​ទេ​ ក៏​ផឹកថ្នាំ​បាញ់​សម្លាប់សត្វ​ខ្យង​ បណ្តាល​ឲ្យ​ពុល​ ដឹក​មក​សង្គ្រោះ​ដល់​ពាក់​កណ្តាលផ្លូវ​ ជា​អកុសល​បាន​បាត់បង់​ជីវិត​ ។​ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​ចំណុច​វាលស្រែ​អា​ញ៉ា​ចេ​ត​ ស្ថិត​ក្នុងភូមិ​ចក​ ឃុំ​រហាត់ទឹក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ផឹកថ្នាំ​ខ្យង​ពុល​ឈ្មោះ​ ព្រិ​ម​ រ៉ាត់​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ នៅ​ភូ​មិច​កកើត​ ឃុំ​រហាត់ទឹក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​រួម​ទាំង​គ្នីគ្នា​២​ទៅ​៣​នាក់​ផ្សេង​ទៀត​ បាន​នាំ​គ្នា​ផឹកស៊ី​ ។​ នៅ​ពេល​ស្រវឹង​ជន​រង​គ្រោះ​បាន​ត្រឡប់​ទៅ​ខ្ទម​ស្រែ​របស់​ខ្លួន​ ដែល​ចំណុច​វាលស្រែ​អា​ញ៉ា​ចេ​ត​ ចម្ងាយ​ពី​ភូមិ​ប្រហែលជា​ ០៧​គ​.​ម​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ ​នៅ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ទៅ ​ដល់​ខ្ទម​ស្រែ​បាន​សួរ​រក​ថ្នាំលេប​ ព្រោះ​ប្តី​គាត់​នៅ​ពេល​ផឹក​ស្រវឹង​ម្តងៗ​ តែង​សួរ​រក​ថ្នាំលេប​ នៅ​គ្រានោះ​គាត់​ថា​មិន​មាន​ថ្នាំលេប​ទេ​ បន្ទាប់​មក​ប្តី​គាត់​និយាយ​ថា​ ចុះ​ខ្ញុំ​ផឹកថ្នាំ​ខ្យង​ គ្រាន់តែ​និយាយ​ភ្លាម​ឃើញ​ប្តី​គាត់​យក​ថ្នាំ​ខ្យង​លើក​ផឹក​ បណ្តាល​ឲ្យ​ពុល​ហើយ​ក៏​រក​គេ​ជួយ​ ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ទើបបាន​ពាក់​កណ្តាលផ្លូវ​ក៏​ដាច់ខ្យល់​ស្លាប់​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ កាលពីមុន​ជន​រង​គ្រោះ​បាន​ ផឹកថ្នាំ​បាញ់​ស្មៅ​ម្តង​មក​ហើយ​ តែ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​ លើក​ទី២​នេះ​ ផឹកថ្នាំ​ខ្យង​ប្រពន្ធ​ព្យាយាម​ជួយ​សង្គ្រោះ​ដែរ​ តែ​ជា​អកុសល​ មិន​អាច​ជួយ​បាន​ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ ។​ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ចាត់ចែង ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕