ភ្នំពេញ៖ តបតាមសំណើការចាំបាច់ និងបន្ទាន់ របស់កម្ពុជា ក្រសួងកសិកម្ម និងកិច្ចការជនបទចិន កាលពីថ្ងៃទី១៣ ខែធ្នូ បានឯកភាពផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាម គោ/ក្របី ចំនួន ២០០ ០០០ កម្រិត (Doses) ដល់កម្ពុជា ។
យោងតាមហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងផ្តល់ផលប្រយោជន៍ជាច្រើន ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្ដែងសម្រាប់វិស័យកសិកម្ម ភាគីចិនបាននិងកំពុងបន្តផ្តល់ការគាំទ្រ និងជំនួយឧបត្ថម្ភជាច្រើនសម្រាប់ ធ្វើការអភិវឌ្ឍន៍វិស័យកសិកម្ម រួមទាំងបានអនុញ្ញាតឲ្យកម្ពុជានាំចូល កសិផលទៅកាន់ទីផ្សារចិនផងដែរ ជាក់ស្តែងថ្មីៗនេះ បានចុះហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់នាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិន”។
ដោយឡែក វិស័យសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី៤ ខែធ្នូ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានធ្វើសំណើស្នើសុំទៅជូន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងកិច្ចការជនបទនៃ សាធាររណរដ្ឋប្រជាមានិតចិន ជួយផ្តល់ថ្នាំការពារជំងឺឆ្លង អុតក្តាមសត្វគោ/ក្របី ដែលប្រទេសកម្ពុជាកំពុងប្រឈម។
លោក វេង សាខុន បញ្ជាក់ថា «តបតាមសំណើការចាំបាច់ និងបន្ទាន់ របស់កម្ពុជា ក្រសួងកសិកម្ម និងកិច្ចការជនបទចិន នៅថ្ងៃទី១៣ ខែធ្នូ បានឯកភាពផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាម គោ/ក្របី ចំនួន ២០០ ០០០ កម្រិត (Doses) ហើយបានសម្របសម្រួលជាមួយ វិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឡានចូវ (Lanzhou Veterinary Research Institute) សមាគមថ្នាំ ពេទ្យ និងបសុពេទ្យចិន (China Veterinary Drug Association) និងក្រុមការ ងារនៃសាកលវិទ្យាល័យកសិកម្មចិន សម្រាប់សម្ព័ន្ធភាពឧស្សាហកម្មឡានឆាង-មេគង្គបសុពេទ្យ និងថ្នាំការពារជំងឺ (China Agriculture University for Lancang-Mekong Veterinary Drug and Vaccine Industry Alliance) ដើម្បីផ្តល់ជូនភាគីកម្ពុជាផ្នែកបច្ចេកទេស និងបង្កើនសមត្ថភាពក្នុងការឃ្លាំមើល ការបង្ការ និងការគ្រប់គ្រងការរាលដាលជំងឺឆ្លងសត្វ» ។
ចំពោះការផលិតថ្នាំការពារជំងឺឆ្លងសត្វ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទាំងពីរបាននិងកំពុងធ្វើការសម្រប សម្រួលផ្នែកលិខិតបទដ្ឋានគតិយុត្តនានា ធ្វើយ៉ាងណាបង្កើតភាពងាយស្រួល ជូនដល់ក្រុមហ៊ុនវិនិយោគិនចិន ដែលមានបំណងធ្វើការ វិនិយោគដើម្បីសិក្សាស្រាវជ្រាវ និងផលិតនៅកម្ពុជានាពេលខាងមុខ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបាននិងកំពុងបន្តផ្តល់ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយរដ្ឋាភិបាលកម្ពុជា។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ បានចូលរួមជាចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការជួយរុញកំណើនសេដ្ឋកិច្ច តាមរយ:ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ ៕