ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២០ កំលាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយា ល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការ ដឹកនាំសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចុះប្រតិបតិ្ត ការបង្រ្កាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់ មកកាន់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើពិនិត្យថ្លឹង ដោយមានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត០២ ចូលរួមផងដែរ។
បើតាមឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានឲ្យដឹងថា៖ជនសង្ស័យឃាត់ខ្លួនទាំង៣នាក់ ក្នុង នោះស្រី០១នាក់ មានឈ្មោះ៖ ១-ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ,២-ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ,៣-ឈ្មោះ សេង ដាលីសិទ្ធ ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទាំង០៣នាក់មានទីលំនៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការបង្ក្រាប ០២ទីតាំងដោយឡែកពីគ្នា គឺទីតាំងទី០១បង្ក្រាបនៅចំណុចផ្ទះជួល របស់ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ និងទីតាំងទី០២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ដោយក្នុងនោះដកហូតបានវត្ថុតាងសង្ស័យ ថ្នាំញៀននៅ វ៉ាលីចំនួន០៣វ៉ាលី។
លោកបានបញ្ជាក់បន្ថែមថា ៖ថ្នាំញៀនដែលមាននៅក្នុងវ៉ាលី ទាំង០៣មាន៖ ថ្នាំម្សៅក្រាមពណ៌សថ្លា មានចំនួនសរុប ៦.៦០គ.ក្រ,ថ្នាំញៀន ប្រភេទមេតំហ្វតាមីន គ្រាប់ពណ៌ក្រហម មានអក្សរ WY ចំនួន សរុប៧៣៨.០៤ក្រាម,ថ្នាំអ៊ិចស្តាស៊ី(ថ្នាំគ្រវី)សរុប ៦២៥ក្រាម,ម្សៅហ្មត់ពណ៌ថ្លាខេតាមីនអាយស៍ សរុប៦.០២ គ.ក្រាម,ខេតាមីនទឹក ចំនួន៤២ដបនិងកាំភ្លើងខ្លីម៉ាកស៊ិចសៅអឺ ០១ដើម គា្រប់ចំនួន០៦គ្រាប់ បង់ចំនួន០២ ។
លោកឧត្តមសេនីយ៍សិទ្ធិ ឡោះ បានបញ្ជាក់បន្ថែមទៀតថា៖នេះគឺជាករណីតស៊ូបង្រ្កាប ដែលកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបង្រ្កាបនៅភ្នំពេញ ដកហូតបានថ្នាំញៀន ចំនួន៥០គីឡូក្រាម ហើយបានបន្តស្រាវជ្រាវ ដោយសហការជាមួយ កម្លាំងនគរបាលអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត និងមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ យើងឈានដល់ការបង្រ្កាបឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់។ ចំពោះជនសង្ស័យនិងវត្ថុតាងថ្នាំញៀន ត្រូវបានប្រគល់ជូន កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីចាត់ការតាមនិតិវិធីច្បាប់៕