ភ្នំពេញ៖ ហេតុការណ៍ដ៏គួរ អោយភ្ញាក់ផ្អើលមួយ ដោយមានបុរសម្នាក់បានអះអាង ថាខ្លួនមានស័ក្ដិធំជាងមេប៉ុស្ដិ៍ បានកាងអោយជនជាតិចិន ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះជាមួយរថយន្ដរបស់មន្ដ្រីសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ។ហេតុការណ៍នេះបានកើតឡើងនៅ នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខសណ្ឋាគារ កាំបូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជុំវិញករណីនេះផងដែរ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឲ្យស្រាវជ្រាវបុគ្គលមួយក្រុម ដែលអះអាងថា ខ្លួនជានគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងចេញមុខកាង រថយន្ដជនជាតិចិន បង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះជាមួយរថយន្ដរបស់មន្ដ្រីសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំណុចមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ក្រៅពីចេញមុខមកកាងរថយន្ដជនជាតិចិនហើយនោះ នគរបាលមួយក្រុមនោះ ដែលមានគ្នាប្រមាណ៤-៥នាក់ ក៏បានប៉ះទង្កិចពាក្យសម្ដីជាមួយ លោកអនុសេនីយ៍ឯក ពេជ្រ ស៉ឹមធារ៉ាត់ នាយប៉ុស្ដិ៍ស្ដីទី នៃប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ចតុមុខផងដែរ ដែលកំពុងដឹកនាំមន្ដ្រីអន្ដរាគមន៍ សម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍នេះ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងស្រាវជ្រាវលើករណីនេះ ព្រោះយើងមិនទាន់ដឹងច្បាស់ថា ពួកគាត់នៅអង្គភាពណានោះទេ»។
គួរជម្រាបថា ដើមចមនៃហេតុការណ៍នេះ គឺដំបូងឡើយមានជនជាតិចិនមួយក្រុម បើករថយន្ដម៉ាក Tundra ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2BG-6615 មកប៉ះរថយន្ដមួយគ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2Q-4084 ដែលជាកម្មសិទ្ធិរបស់មន្ដ្រីសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ។
ក្រោយកើតហេតុមន្ដ្រីនគរបាលមូលដ្ឋាន ដឹកនាំដោយលោកអនុសេនីយ៍ឯក ពេជ្រ ស៉ឹមធារ៉ាត់ នាយប៉ុស្ដិ៍ស្ដីទី នៃប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ បានចុះទៅសម្របសម្រួលដើម្បីបញ្ចប់រឿង ព្រោះយល់ថាខូចខាត និងគោលបំណងមិនចង់ឲ្យរឿងវែងឆ្ងាយជាងនេះ។
ពេលកំពុងសម្របសម្រួលនោះ ស្រាប់តែលេចមុខមនុស្សមួយក្រុមជិះរថយន្ដស៊េរីទំនើបម៉ាក Rang Rover ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2BL-3399។ ដោយក្នុងរថយន្ដនោះ មានមនុស្ស៣នាក់ (សុទ្ធតែពាក់ម៉ាស) ម្នាក់អង្គុយខាងក្រោយពាក់អាវយឺត មានសញ្ញានគរបាល ដៃកាន់វិទ្យុទាក់ទង និងអះអាងថា ជាមន្ដ្រីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ប៉ុន្ដែខ្លួននិយាយខ្មែរមិនសូវច្បាស់ ហើយគេសង្ស័យថា ជាជនជាតិចិន។ ក្នុងនោះក៏មានអង្គរក្ស២នាក់ផងដែរ ពាក់ឈុតខ្មៅ និងកាន់កាបូបធំមួយត្បៀតក្លៀក ព្រមទាំងមាននគរបាលប៉ុន្មាននាក់ទៀត មកជាមួយដោយជិះរថយន្ដផ្សេង។
នៅពេលមនុស្សមួយក្រុមនោះ ចុះពីលើរថយន្ដ ស្រាប់តែប្រើពាក្យសម្ដីមិនសមរម្យទៅលើលោកនាយប៉ុស្ដិ៍ ដែលកំពុងសម្របសម្រួលនៅកន្លែងកើតហេតុ ទាំងក្នុងឯកសណ្ឋាន និងរហូតបោះពាក្យថា «សមត្ថកិច្ចមូលដ្ឋានចេះដឹង ស្អី ស័ក្តិតូចជាងខ្ញុំទេ»។ ហើយក្រុមអង្គរក្ស២នាក់នោះ បានបន្ទរតាមក្រោយទៀតថា គាត់ជានគរបាលមានស័ក្ដិធំជាងមេប៉ុស្ដិ៍។
ប៉ុន្ដែពេលនោះ ស្រាប់តែអ្នកសារព័ត៌មាននៅកន្លែងកើតហេតុ ងឿងឆ្ងល់ថា តើគាត់ជានគរបាលពិតប្រាកដឬយ៉ាងណា? ព្រោះលឺនិយាយខ្មែរមិនសូវច្បាស់។ ហើយបុរសរូបនោះ បានបញ្ជាឲ្យអង្គរក្សដកកាតចេញពីកាបូបខ្មៅ ដើម្បីបង្ហាញដោយគេឃើញថា ជាកាតនគរបាលពិតប្រាកដ ប៉ុន្ដែមើលមិនឃើញថាឈ្មោះអ្វីនោះទេ រួចអង្គរក្សនោះក៏ដាក់ចូលក្នុងកាបូបគៀបនឹងខ្លៀកវិញ។
មួយសន្ទុះក្រោយមក ដោយឃើញអ្នកសារព័ត៌មាននៅកន្លែងកើតហេតុច្រើនពេក និងមានការសួរនាំច្រើនលើកករណីនេះ ស្រាប់តែមនុស្សមួយក្រុមនោះ ឡើងលើរថយន្ដចេញបាត់ពីកន្លែងកើតហេតុតែម្ដង។ យ៉ាងណាមិញ សកម្មភាពនេះហាក់មិនសមរម្យទាល់តែសោះ ព្រោះនគរបាលមូលដ្ឋានកំពុងសម្របសម្រួលភាគីជនរងគ្រោះ និងជនបង្ក ស្រាប់តែលិចមុខអ្នកមកកាងខាងជនបង្កដែលជាជនជាតិចិនទៅវិញ។
ពាក់ព័ន្ធសកម្មភាពនេះ ហាក់ផ្ទុយពីអ្វីដែលជាការលើកឡើង និងណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឲ្យបញ្ចប់វប្បធម៌អន្ដរាគមន៍ ពោលអ្នកខុសត្រូវអនុវត្តតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង៕