ជប៉ុន ឲ្យលុយកម្ពុជាជិត ១លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នា

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងចំនួន ៩៦៨,៣៩០ដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់ពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារ ក្នុងខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នា ក្នុងខេត្តកណ្តាល ។

គម្រោងផ្ដល់ជំនួយ ដោយរដ្ឋាភិបាលជប៉ុនទាំង ២នេះរួមមាន៖ ទី១.គម្រោងសល្យសាស្ត្រកុមារ ប្រចាំខេត្តក្រចេះ (ឆ្នាំទី២) នូវថវិកាចំនួន ៦៩៤,៥៣៩ដុល្លារអាមេរិក អង្គភាពទទួលជំនួយ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។ និងទី២.សម្រាប់គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្ន សម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃ ការអប់រំបរិយាប័ន្ន (ឆ្នាំទី២) នូវថវិកាចំនួន ២៧៣,៨៥១ដុល្លារអាមរិក។ អង្គភាពទទួលជំនួយ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan)។

កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោង អង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាព អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៤១លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៣០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពសម្អាតមីន ក្នុងប្រទេសកម្ពុជា។

ក្នុងពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង២។លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា តាមរយៈការសង្កេតឃើញថ្មីៗនេះ ប្រទេសកម្ពុជាបាននឹងកំពុង អភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែ នៅតែមានបញ្ហាប្រឈម មួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អនូវគុណភាពជីវភាព រស់នៅរបស់ប្រជាជនដូចជា៖ ការបោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គមរួមទាំងបរិស្ថានជំវិញ សុខាភិបាល និងការអប់រំ។ ប្រទេសជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ៕