ជនបរទេសជិះ PassApp មិនឱ្យលុយហើយចង់រកវាយទៀត ទ្រាំមិនបានបងប្អូនបង្កើត២នាក់ដោះខ្សែក្រវាត់ វាយវិញប្រាវ

0

ភ្នំពេញ៖​ នគរបាលព្រហ្មទណ្ឌខេត្តកំពត បានធ្វើការឃាត់ខ្លួនអ្នករត់ PassApp ២ នាក់បងប្អូនបង្កើត ក្រោយជនជាតិអង់គ្លេស ជិះហើយគ្មានលុយឲ្យ រករឿងវាយខ្លួនទៀត ទ្រាំមិនបានក៏ដោះខ្សែក្រវាត់វាយជនបរទេសនោះ របួសកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ ។

យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាជនសង្ស័យទាំង២នាក់មានឈ្មោះ អឿង វាសនា ហៅក្រៅ ជ្រូក ឬ ស្វិត ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ អឿង អ៊ឹងហួត ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរជាបងប្អូនបង្កើត មានស្រុកកំណើតនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត មុខរបររត់ម៉ូតូ PassApp ដូចគ្នា ។ ឃាត់ខ្លួនពីបទ ហិង្សាចេតនា លើជនជាតិអង់គ្លេស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ។ មូលហេតុ: ជនជាតិអង់គ្លេសនេះ ជិះPassApp មិនឱ្យលុយ ហើយចង់រកវាយទៀត ទើបអ្នកទាំងពីរដោះខ្សែក្រវាត់ វាយតែម្តងទៅ ។

សូមបញ្ជាក់ថា ៖ នាពេលទទួលបណ្តឹង ជនរងគ្រោះបានប្តឹងថា មានជនល្មើសគ្នា២នាក់ ធ្វើសកម្មភាពប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិ ពីគាត់ ប៉ុន្តែក្រោយពេលស្រាវជ្រាវករណីនេះជាអំពើហិង្សាចេតនា ។បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕