ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឈប់ពិសារស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ជាបន្ទាន់ និងហាមដាច់ខាត មិនត្រូវយកសារធាតុមេតាណុល ទៅលាយធ្វើជាស្រាទៀតឡើយ ព្រោះអាចបណ្តាលឲ្យ មានការពុល និងស្លាប់បាន ។
ការអំពាវនាវបែបនេះធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានសម្គាល់ឃើញមានការ កើតឡើងនូវករណីពុលស្រាស ស្រាថ្នាំ និងការពុលចំណីអាហារ បានកើតឡើងជារឿយៗដូចជានៅខេត្តក្រចេះ បន្ទាយមានជ័យ មណ្ឌលគិរី និងនៅតាមបណ្តាខេត្ត មួយចំនួនទៀត ហើយក្នុងពេលថ្មីៗនេះ ក៏មានការ ផ្ទុះឡើងនូវការសង្ស័យពុលស្រាស និងការសង្ស័យ ពុលទឹក នៅខេត្តកំពង់ឆ្នាំង។ ស្រាស និងស្រាថ្នាំ ដែលប្រជាពលរដ្ឋក្នុងតំបន់បានពិសារនា ពេលកើតហេតុកន្លងមក មានសារជាតិមេតាណុល កម្រិតខ្ពស់លើសពីកម្រិតធម្មតា ដែលបណ្តាលឱ្យ ក្អួត ចង្អោរ ស្រវាំង ឬងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តន៍ទៅស្លាប់ ។
យោងតាមសេចក្ដីសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី៩ ធ្នូ បានបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការពិសារស្រាសឬស្រាថ្នាំ ដែលទិញពីប្រភព មិនច្បាស់លាស់ ដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងផលិតនៅក្នុងមូលដ្ឋានសហ គមន៍មិនត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស។ សូមបងប្អូនដាច់ខាតកុំយកសារធាតុមេតាណុល ទៅលាយធ្វើជាស្រាសដែលបណ្តាលឲ្យ មានការពុល និងស្លាប់បាន» ។
ខ្លឹមសារលម្អិតបន្ថែម មាននៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដូចខាងក្រោម៖