ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស៊ី ជាមួយមិត្តភក្តិរួចជិះម៉ូតូបំណងទៅផ្ទះវិញ ក៏ដួលតាមផ្លូវបណ្តាលឲ្យរងរបួស ត្រូវបានរថយន្តដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យកាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ។ ហេតុការណ៍នេះកើតឡើងនៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ គឿ សុខកេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកស្គូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HF-6431។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យខាងលើបានជិះម៉ូតូដួលខ្លួនឯង នៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរងរបួស ។ បន្ទាប់មកជនសង្ស័យត្រូវបាន រថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូក៏ត្រូវបាន កម្លាំងសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍ដើម្បីរង់ចាំបងប្អូនមកទទួលយកទៅវិញ។ ពេលនេះសមត្ថកិច្ច បានឆែកឆេរក្នុងម៉ូតូក៏ឃើញ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពដដែលបានបន្តថា លុះមកដល់វេលាម៉ោង ១១ព្រឹក ថ្ងៃទី៩ ខែឆ្នាំដដែល ស្រាប់តែជនសង្ស័យធ្វើដំណើរ មកប៉ុស្តិ៍ដើម្បីសុំម៉ូតូយកទៅវិញ ខណៈមកដល់មុខប៉ុស្តិ៍ជនសង្ស័យ ក៏លូកហោប៉ៅយកលុយទិញទឹកផឹក ស្រាប់តែធ្លាក់គ្រឿងញៀន ១កញ្ចប់ នៅមុខសមត្ថកិច្ចតែម្តង ។ ឃើញដូចនេះសមត្ថកិច្ច ក៏ឆែកឆេរលើដងខ្លួនបន្តរកឃើញ ១កញ្ចប់ទៀតសរុប ២កញ្ចប់តូច ទើបឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះពិតជារបស់ខ្លួនប្រាកដមែន ដោយសល់ពីការប្រើប្រាស់ពេលយប់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត ៕