នៅចាំគាត់ទេ! ប៉ូលីសចរាចរណ៍គំរូ នៅច្បារអំពៅ ពេលនេះកំពុងឈឺធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលក្រៅប្រទេស

0

ភ្នំពេញ៖ ជឿជាក់ថា បងប្អូនជាច្រើន ដែលធ្វើដំណើរតាមដងផ្លូវ ខណ្ឌច្បារអំពៅ ប្រាកដជាធ្លាប់បានឃើញ លោកពូប៉ូលីសចរាចរណ៍ ម្នាក់ដែល មានរាងស្តើងបន្តិច តែងតែសម្រួលចរាចរណ៍ ដល់ពុកម៉ែបងប្អូន មិនគិតភ្លៀងធ្លាក់ ឬហាលក្តៅខ្លាំងយ៉ាងណានោះទេ គឺលោកពូប៉ូលីសគំរូ រូបនេះ តែងតែបំពេញតួនាទីជាប៉ូលីស សម្រួលចរាចរណ៍ ដល់ពុកម៉ែបងប្អូនមិនដែលត្អូញត្អែរអ្វីឡើយ។

ដើម្បីជួយសម្រួលបន្ទុក ក្នុងការសំរាកព្យាបាល នៅព្រលប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០  លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយកថវិកាចំនួន ៤.០០០.០០០រៀល របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។

លោកអភិបាលបាលខណ្ឌច្បារអំពៅ បាននាំនូវការផ្តាំផ្ញើសួរសុខ ពីសំណាក់លោក ឃួង ស្រង ត្រូវខិតខំព្យាបាលជំងឺ និងស្តាប់តាមឱវាទគ្រូពេទ្យ ដើម្បីបានឆាប់ជាសះស្បើយ។

លោកបញ្ជាក់ថា លោក ឃួង ស្រេង កន្លងមកតែងតែយកចិត្តទុកដាក់ ដល់កងកម្លាំងទាំងនគរបាល ក៏ដូចអាវុធហត្ថ និងប្រជាការពារ ក្នុងការទំនុកបម្រុងពេលជួបការលំបាក ពិសេសពេលមានជំងឺឈឺថ្កាត់ជាដើម។

សូមរំលឹកថា លោកអនុសេនីយ៍ឯក រស់ ហ៊ន ជាមន្ត្រីសកម្មការងារឈរជើង ធ្វើចរាចរណ៍ នៅភ្លើងស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) មានជំងឺដុះដំសាច់ក្រោមថ្លើម។

លោក ចេង មុនីរ៉ា បានឲ្យដឹងថា លោកអនុសេនីយ៍ឯក រស់ ហ៊ន ត្រូវបានក្រុមគ្រួសារយកចេញ ពីមន្ទីរពេទ្យរដ្ឋមកសម្រាកនៅផ្ទះ និងកំពុងរៀបចំឯកសារ ដើម្បីបញ្ជូនទៅព្យាបាល នៅបរទេសបន្ត៕