ភ្នំពេញ៖ បុរសម្នាក់បានបាក់កស្លាប់ភ្លាមៗ បន្ទាប់ពីបើកកង់បីឥណ្ឌាក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នបណ្ដាលឲ្យធ្លាក់ជង្ហុក ក្រឡាប់អូសជាច្រើនម៉ែត្រ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សុន ពិឈីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ឡំប្រឺតា ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសរងគ្រោះបើកកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HV-9755 តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានធ្លាក់ជង្ហុកក្រឡាប់អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យម្ចាស់កង់បី ផ្លោងចេញមកខាងក្រៅបាក់ ក ស្លាប់ភ្លាមៗតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការ វាស់វែងយកកង់បីទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណើត រៀបចំធ្វើបុណ្យតាមប្រពៃណី ៕