ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា បុគ្គលដែលប្រកាសលក់ដូរដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក អាចនឹងប្រឈមវិធានការផ្លូវច្បាប់ ប្រសិនបើមិនបញ្ឈប់។
យោងតាមគេហទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីអនុវត្តគោលការណ៍ច្បាប់ ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក ឈន់ វ៉ាន់នួន និងបុគ្គលផ្សេងទៀតដែលកំពុងតែ ប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ តាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ជាធរមាន។
ម្យ៉ាងទៀតដើម្បីបង្ការការខូចខាត ផលប្រយោជន៍របស់ សាធារណជនដែលកើតឡើង ពីការទិញដីធ្លីក្នុងតំបន់ រមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវផងដែរដល់សាធារណជន ដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ សូមកុំទិញឱ្យសោះ និងសូមធ្វើការទំនាក់ទំនង មកកាន់អាជ្ញាធរជាតិអប្សរា បើមានចម្ងល់ទាំងឡាយណា ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ តាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។
សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់ បុរាណវត្ថុដែលត្រូវការពារទប់ទល់ នឹងនឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែង ក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការ ប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ៕