ផ្ញើជីវិតលើតៃកុង ដូចយកជីវិត ទៅបោះចោល

0

ភ្នំពេញ៖ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរបានស្លាប់ ដោយសារតែរថយន្ត វ៉ាងជែងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៣.០០ នាទី ចំណុចមុខផ្ទះ ឈ្មោះ មៀច ហុន ផ្លូវលេខ ១៥០B ក្រាលកៅស៊ូ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០-២១ ស្ថិតក្នុងភូមិសាស្រ្តភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

តាមរបាយការណ៍បានឲ្យដឹងថា បង្កឡើងរវាងរថយន្តម៉ាក Hilander ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2B.5193 និងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.0051 ។

យានយន្តទាំង ២គ្រឿង បើកបរក្នុងដំណើរស្របទិសគ្នា ដោយម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.0051 បើកបរដោយឈ្មោះ ផ្លុង វិត ភេទប្រុស អាយុ ៤១ ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ហន ហួយ ភេទប្រុស អាយុ ៤០ ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បើកចេញពីទិសខាងជើង ទៅទិសខាងត្បូង ពេលម៉ូតូបើកដល់ចំណុចខាងលើ បានបត់ឆ្វេងដើម្បី ចូលផ្ទះរបស់ខ្លួន ពេលនោះមានរថយន្ត១គ្រឿង ម៉ាកដូចខាងលើ បានឡើងវ៉ារថយន្តមួយគ្រឿងទៀត ក៍ជ្រុលចង្កូតទៅបុកម៉ូតូនោះតែម្តង ។

បណ្តាលអោយអ្នកបើកបរម៉ូតូ និងរួមដំណើរស្លាប់នៅកន្លែងកើតហេតុ ។ ដោយឡែកអ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់ បានបន្សល់ទុករថយន្ត ០១គ្រឿង និងម៉ូតូ ០១គ្រឿង ។

ចំពោះវត្ថុតាងទាំង ២គ្រឿង បានយកមករក្សាទុកបណ្តោះអាសន្ត នៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសព បានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះជនបង្ករង់ចាំជំនាញសហការ ជាមួយប៉ុស្តិ៍ស្រាវជាវរកអ្នកបើកបរ រថយន្តយកមកអនុវត្តបន្តតាមច្បាប់ ៕