ទើបចេញពីគុក ឥឡូវចូលគុកទៀត! ឆក់បានសម្រេចហើយ តែគេចមិនរួចពីសមត្ថកិច្ច

0

ភ្នំពេញ៖ កាលពីម៉ោង ៣៖៣០នាទី រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យម្នាក់ បានភ្លាមៗ​បន្ទាប់​ពីជនសង័្សយរូបនេះ ធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះឈ្មោះ ធួក ចាន់នី ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅក្រុមទី១៨ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងខណៈ​ពេលដែលជនរងគ្រោះ កំពុងជិះម៉ូតូមួយគ្រឿងលើដងផ្លូវនៅចំណុចក្រុមទី២០ ភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។

សកម្មភាពខាងលើនេះ គឺដោយទទួលបានបទ​បញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនជំនាញ ឱ្យការិ​យាល័យជំនាញ និងគ្រប់អធិការដ្ឋាននគរ​បាលក្រុង ស្រុកយកចិត្តទុកដាក់ធ្វើសកម្មភាព ពិ​និត្យតាមដានមុខសញ្ញាចាស់ ពិសេសមុខសញ្ញាដែលចេញពីពន្ធនាគារនា​ពេលកន្លងទៅ និងពង្រឹ​ងការល្បាតដោយចំហរ នៅតាមទីប្រជុំជន និងគោលដៅសំខាន់ៗក្នុងមូលដ្ឋានធានាបង្រ្កាបបានទាន់ពេលវេលា ទើបនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះសមត្ថកិច្ចមូ​លដ្ឋានស្រុកសង្កែ ដែលមាន​លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការ​នគរ​បាលស្រុក និងប្រជាពលរដ្ឋ ធ្វើការបង្រ្កាប​បាន​នូវមុខសញ្ញាខាងលើនេះ ក្នុងពេលដែលរូបគេជិះម៉ូតូ មួយគ្រឿងតែម្នាក់ឯងធ្វើសកម្មភាពឆក់ខ្សែក​របស់ជនរងគ្រោះនៅចំណុចខាងលើ តែ​សកម្ម​ភាពរបស់ជនសង័្សយ មិនអាចរត់គេចខ្លួនបានឡើយ។

ជនសង័្សយរូបនេះឈ្មោះ ឈាន វិច្ឆិកា ភេទប្រុ​ស អាយុ២៤ឆ្នាំ មានទីលំនៅភូមិតាស៑ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបងនៅជាប់ខ្លួន មានម៉ូតូជិះធ្វើសកម្មភាព ម៉ាកហុងដាវេវពណ៌ខ្មៅសេរីឆ្នាំ២០១៩ ពាក់ស្លាកលេខបាត់ដំបង ១AL-​៣២៦​២ មួយគ្រឿង និងខ្សែកប្លាទីនរបស់ជនរង គ្រោះចំនួន០១ខ្សែ ។

លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរ​បាលស្រុកសង្កែ បានឱ្យដឹងថា តាមចម្លើយសារ​ភាពបឋម ជនសង័្សយរូបនេះបានសារភាពថា ខ្លួន​គេពិតជាបានធ្វើសកម្មភាពឆក់ខ្សែក តាមដងផ្លូវពីជនរងគ្រោះខាងលើពិតប្រាកដមែន ​ហើយខ្លួនគេគឺជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់​ពន្ធនាគារ ដោយអំពើល្មើសច្បាប់ នារយៈពេលកន្លងទៅ និងត្រូវបានដោះលែងឱ្យមាន សេរីភាពវិញក្នុងមួយរយ:នេះ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ​យាល័យព្រហ្មទ័ណ្ឌ កំរិតស្រាលនៃស្នងការដ្ឋាន​បានឱ្យដឹងមុន នេះថា ជនសង័្សយរូបនេះ នៅមុន​ពេលធ្វើសកម្មភាពនៅខេត្តបាត់ដំបង រូបគេធ្លាប់​ធ្វើជាសន្តិសុខឱ្យក្រុមហ៊ុនឯកជនមួយ នៅ​រាជ​ធា​នីភ្នំពេញ ។ លោកវរសេនីយ៍ឯកឈឿង គឹមសុង បន្តថា នៅពេលនេះការិយាល័យជំនាញរបស់​លោកនឹងធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់អំពីសកម្មភាព របស់មុខសញ្ញានេះជាមួ​យ​អង្គហេតុនៃ ករណីល្មើសច្បាប់នានាដែល​បាន​កើតមាន នាពេលកន្លងទៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មុនពេលបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕