ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីពុល នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សហការ ជាមួយភាគីពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេតទីតាំងកើតហេតុ ស្ថិតក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុល និងសិប្បកម្មផលិតផលស្រា ចំនួន៨កន្លែង ។
តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុករបស់ ក.ប.ប នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះធ្វើការសាកសួរព័ត៌មាន សាវតា ពាក់ព័ន្ធនៃការពុល និងបានប្រមូលនិងដក យកគំរូសំណាកស្រា សរុបចំនួន ៧៣គំរូ ( ១៨គំរូទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង៥៥គំរូ ទទួលបានពីទីតាំងសិប្បកម្ម៨កន្លែង) មកធ្វើការវិភាគនៅ មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប.។
សូមបញ្ជាក់ថា ករណីពុលស្រានេះ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួន ១៣១នាក់ អ្នកចេញជាសះស្បើយចំនួន ៩០នាក់, កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បុរសចំនួន ៣១នាក់, សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់, អ្នកស្លាប់ចំនួន ៧នាក់។
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការទទួលទានស្រា ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មិនមានប្រភពច្បាស់លាស់ និងមានតម្លៃទាបហួសហេតុ (មិនសមស្របតាមតម្លៃទីផ្សារ) ដែលអាចជាហានិភ័យ បង្កគ្រោះថ្នាក់ និងមិនមានការទទួលខុសត្រូវ។
មន្ត្រីជំនាញ បន្ដថា ក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ បរិមាណនៃការប្រើប្រាស់អាល់កុល មានការកើនឡើង ដូច្នេះហើយមានការផលិតអាល់កុលច្រើន ធ្វើឱ្យការផ្គត់ផ្គងស្រាស មានការធ្លាក់ចុះ ជាហេតុធ្វើឱ្យជនឱកាសនិយម ឆ្លៀតយកសារធាតុមេតាណុល មកបន្លំធ្វើស្រាស ឬ អាល់កុល។ ក្នុងករណីសង្ស័យមានក្លែងបន្លំ ប្រជាពលរដ្ឋ អាចធ្វើការទំនាក់ទំនងមកកាន់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» តាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ២៣១ ៨៥៦ ឬ (+៨៥៥) ៩២ ៨៣០ ៨៥៦៕