ភ្នំពេញ៖ គួរឲ្យអាសូរ បុរសម្នាក់កំពុងតែអង្គុយ ត ខ្សែភ្លើង បញ្ចូលអាគុយ ពីផ្ទាំងសូឡា នៅមុខផ្ទះសុខៗ ស្រាប់តែត្រូវបុរសជាជនសង្ស័យ មានសតិមិនគ្រប់ម្នាក់ កាន់ដំបងដើរចូលមកវាយសំពង ជាច្រើនដំបង ដោយគ្មានមូលហេតុបណ្ដាលឲ្យ ជនរងគ្រោះដួលផ្កាប់មុខ ប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១២និង១០នាទី ថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា នៅក្នុងភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
បើតាមលោក វរសេនីយ៍ទោ វ៉ន សុភណ្ឌ អធិការរងនគរបាលស្រុកស្ទោង ទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី៣០ វិច្ឆិកាថា ក្រោយកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ជនសង្ស័យឈ្មោះ ឈួន ឆឺយ ភេទប្រុស អាយុ ៦១ឆ្នាំ (មានសតិមិនប្រក្រតី) មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ឹម ប៉ូច ភេទប្រុស អាយុ ២៧ឆ្នាំ មានប្រពន្ធឈ្មោះ សយ សាន អាយុ ២១ឆ្នាំ និងមានកូនប្រុសម្នាក់ អាយុទើបតែ ៦ខែ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។
លោកអធិការ រងនគរបាលស្រុកស្ទោង បន្តថា មុនពេលកើតហេតុជនរងគ្រោះ កំពុងតែអង្គុយ ត ខ្សែភ្លើងបញ្ចូលអាគុយ ពីផ្ទាំងសូឡានៅមុខផ្ទះ របស់ខ្លួនសុខៗ ក៏ត្រូវជនសង្ស័យកាន់ដំបងដើរ ចូលមកវាយសំពង ជាច្រើនដំបង ដោយគ្មានមូលហេតុបណ្ដាល ឲ្យជនរងគ្រោះដួលផ្កាប់មុខ ប្រកាច់ស្លាប់មួយរំពេច នៅនឹងកន្លែងកើតហេតុតែម្ដង ។
លោកអធិការរង បន្តទៀតថា ជនសង្ស័យមានសតិមិនគ្រប់ ហើយជននេះក៏មានប្រពន្ធកូននឹងគេដែរ តែដោយសារភាពកំរោលចូល គ្រប់គ្រងខ្លួនឯងមិនបានឲ្យ តែខឹងម្តងៗ ជនសង្ស័យរូបនេះ តែងតែទាញដំបងដេញ វាយធ្វើបាបប្រពន្ធកូនជាច្រើនលើក ច្រើនសារមកហើយ ដែលជាហេតុធ្វើឲ្យប្រពន្ធកូនទ្រាំរស់នៅ ជាមួយមិនបានក៏នាំគ្នា វេចបង្វេចចុះចោលអស់ទៅ ដោយបន្សល់ទុកជនសង្ស័យរស់នៅ តែលតោល តែម្នាក់ឯង រហូតមកទល់នឹងថ្ងៃកើតហេតុខាងលើនេះ ក៏កើតមានរឿងបែបនេះតែម្តង ។
លោកអធិការរង បានឱ្យដឹងថា យោងតាមការពិនិត្យ សពជនរងគ្រោះ ត្រូវជនសង្ស័យវាយនឹងដំបងឈើជ្រុង ជាច្រើនដំបង ធ្វើឲ្យបែកលើត្រចៀកខាងស្ដាំចំនួន ពីរកន្លែង និងដាច់ត្រត្រចៀក ឆ្វេង ជាពីរជំរៀក ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕