ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានហៅព្រឹត្តិការណ៍ នៃការចម្លងមក ភរិយាអគ្គនាយកពន្ធនាគារនេះ ថាជា “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ។
ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ទាំងអស់ត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ ហើយពេលនេះគឺជាពេលដែលមិនមែន ជាពេលដែលត្រូវចោត ដាក់គ្នាទៅវិញទៅមកនោះទេ គឺមានតែការចូលរួមទប់ស្កាត់ បង្ការការពារទាំងអស់គ្នាទេ។
សម្តេចតេជោ បន្តថា កន្លងទៅនេះ កម្ពុជាយើងបានឆ្លងកាត់សមរភូមិ៣ ក្នុងការទប់ស្កាត់នៃជំងឺកូវី-១៩នេះ ដែលសមរភូមិទី១ គឺការទប់ស្កាត់ការនាំចូលជំងឺពីក្រៅ សមរភូមិទី២ គឺការបង្ការការពារការចូលសហគមន៍ និងសមរភូមិទី៣ គឺការព្យាបាលអ្នកដែលកើតអោយជាសះស្បើយ ដូច្នេះយើងត្រូវអនុវត្តតាមសមរភូមិនេះ ជាបន្តបន្ទាប់ទៀត។
ទាក់ទងទៅនឹងការចូលរួមទប់ស្កាត់ បង្ការការពារការចម្លងជំងឺកូវីដ-១៩នេះ សម្តេចតេជោបានដាក់ចេញ នូវចំនុចសំខាន់ៗមួយចំនួនដូចជា៖
១.ត្រូវមានវិធានការការពារខ្លួនជានិច្ច ដោយត្រូវគិតថា ខ្លួនឯងមានកូវីដ-១៩ ប្រសើរជាងគិតថាគ្មាន សុខចិត្តធ្វើតេស្ត ឬធ្វើចត្ថាឡីស័ក១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។
២.ត្រូវរៀបចំមជ្ឈមណ្ឌលចត្តាឡីស័ក សំរាប់អ្នកដែលគ្មានលទ្ធភាព ទៅរកចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កនោះ គឺជាទីកន្លែងដែលផ្ដល់ឱកាសឲ្យ ក្រុមគ្រូពេទ្យទៅយកសំណាក ដើម្បីយកសំណាកនោះមក ធ្វើតេស្តអោយបានត្រឹមត្រូវ។
៣.សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចអោយក្រសួងអប់រំ យុវជន និងកីឡា បិទការសិក្សាសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ហើយប្រលងមធ្យមសិក្សាបឋមភូមិតែម្ដង នៅថ្ងៃនេះ ហើយសម្រាប់អ្នកដែលបន្តគឺមានសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រលងក្នុងអំឡុងខែធ្នូខាងមុខ ហើយយើងនឹងត្រៀមបើកបវេសនកាលឡើងវិញ នៅខែមករា ឆ្នាំ២០២១។
៤.សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួម ដោយស្ម័គ្រចិត្តក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល។
សម្ដេច ក៏បានឲ្យអាជ្ញាធរត្រូវជួយផ្គត់ផ្គង់ចំណីអាហារ ដល់បងប្អូនដែលត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។ បើបងប្អូនមានការសង្ស័យ សូមទៅមន្ទីរពេទ្យជាបន្ទាន់ ហើយត្រូវដាក់ខ្លួនឲ្យនៅដាច់ជាមួយនឹងគ្រួសារ ១៤ថ្ងៃសិន។ ជាមួយគ្នានោះ សម្តេចតេជោបានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋណា ដែលគិតថាខ្លួនបានប៉ះពាល់ ឬពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ សូមមកធ្វើតេស្ត និងធ្វើចត្តាឡីស័កជាបន្ទាន់ ដើម្បីចៀសវាងការចម្លងចូលសហគមន៍ ។
ទន្ទឹមគ្នានោះដើម្បីការពារជំងឺកូវីដ-១៩នោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញអោយប្រជាពលរដ្ឋ យើងត្រូវតាំងខ្លួនជាអ្នកចុះចាញ់ និងជាអ្នកខ្លាចកូវីដ តែមិនត្រូវភ័យតក់ស្លុតទេ ដោយភ្លេចការបង្ការការពារនោះទេ គឺយើងត្រូវការពារជាប់ជានិច្ច ជាពិសេសអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ៕