ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ បានប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា កើនឡើងដល់ ១៤នាក់ និងមិនមានអ្នកជាសះស្បើយឡើយ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី២៩ វិច្ឆិកា ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានចំនួន ៣.៣៣២នាក់ (នៅភ្នំពេញ និងខេត្តចំនួន៧) តែការវិភាគអាចធ្វើបាតែ ២.២៤៨សំណាកប៉ុណ្ណោះ គិតត្រឹមម៉ោង ១៖៣០នាទី រំលោងអធ្រាតឈានចូលថ្ងៃទី៣០ វិច្ឆិកា ដែលក្នុងចំនួននេះ លទ្ធផលបង្ហាញថា មានវិជ្ជមានកូវីដ១៩ចំនួន ១៤នាក់ (ដោយរាប់ទាំងអ្នក ៦នាក់ ដែលបានរាយការណ៍រួចហើយ នៅថ្ងៃទី២៨ វិច្ឆិកា) រីឯចំនួន ២.២៣៤នាក់ គឺអវិជ្ជមានកូវីដ១៩ ទាំងអស់ ។ ដោយឡែកនៅសល់ ១.០៨៤នាក់ទៀត និងបន្តវិភាគនៅថ្ងៃនេះ ។