ភ្នំពេញ៖ ក្រសួងសុខាភិបាល បានកំណត់យកបរិវេណ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី សម្រាប់ធ្វើតេស្ត ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធនឹងករណី ស្ត្រីដែលជាភរិយារបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ។
យោងតាមហ្វេសប៊ុក របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា «ទីតាំងមួយទៀតត្រូវបាន កំណត់រៀបចំសម្រាប់ធ្វើតេស្ត ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធនឹងករណីស្ត្រីភរិយា ឯកឧត្តមអគ្គនាយកពន្ធនាគារ ដែលរកឃើញ វិជ្ជមានវីរុសកូវីដ-១៩ថ្មី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺនៅក្នុងបរិវេណមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។ ដូច្នេះសូមអញ្ជើញសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធករណីខាងលើ ទៅធ្វើតេស្តឲ្យបានគ្រប់ៗគ្នា ៕