Home សង្គម សង្ស័យស្រវឹងស្រា មិនទាន់អស់ចិត្ត បើកឡាន Audi លឿនដូចហោះបុកចូលហាងស្រាក្រឡុក ផ្អើលភ្ញៀវរត់ជាន់ជើងគ្នា

សង្ស័យស្រវឹងស្រា មិនទាន់អស់ចិត្ត បើកឡាន Audi លឿនដូចហោះបុកចូលហាងស្រាក្រឡុក ផ្អើលភ្ញៀវរត់ជាន់ជើងគ្នា

0

ភ្នំពេញ​៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក Audi ក្នុងល្បឿនយ៉ាងលឿនដល់ផ្លូវបំបែក បួងចង្កូតមិនទាន់ក៏ជ្រុលបុកចូល ហាងលក់ស្រាក្រឡុក ផ្អើលភ្ញៀវកំពុងអង្គុយផឹកស៊ី រត់ជាន់ជើងគ្នា ។ ហេតុការណ៍​នេះកើតឡើងកាលពីម៉ោង ១០និង២០នាទីយប់​ ថ្ងៃទី២៧​ ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចមុខអគ្គិសនីកម្ពុជា​ សាខាទួលពង្រ​ ផ្លូវបេតុង​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

បើតាមប្រភពព័ត៌មាន នៅកន្លែងបានឲ្យដឹងថា​ មុនពេលកើតហេតុគេសង្កេតឃើញថា​ ទីតាំងខាងលើកំពុងទទួលភ្ញៀវជាច្រើន ចូលអង្គុយផឹកស្តាប់តន្ត្រីយ៉ាងសប្បាយ​ ខណៈដល់វេលាកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Audi ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BL-7897 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បួងចង្កូតមកខាងឆ្វេង តែមិនទាន់ក៏ជ្រុលទៅបុកចូល ហាងស្រាក្រឡុកពេញទំហឹង បណ្តាលឲ្យរងការខូចខាត ចំណែកភ្ញៀវកំពុងអង្គុយផឹកស៊ី រត់ជាន់ជើងគ្នាតែសំណាង មិនមានមនុស្សរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទាក់ទងទៅជំនាញមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ ៕

Previous articleសម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់ ៣៨ខ្សែ នៅថ្ងៃ៣០ វិច្ឆិកា
Next articleចប់! បុរសម្នាក់ទិញស្លាកលេខ ពីក្រុមចោរលួច ទុកសម្រាប់បំពាក់លើរថយន្ត ដែលត្រូវលក់ចេញ