សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់ ៣៨ខ្សែ នៅថ្ងៃ៣០ វិច្ឆិកា

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ បាននិងកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប នាថ្ងៃ៣០ វិច្ឆិកា ២០២០ខានស្អែកនេះ ខណៈពិធីនេះត្រូវបានផ្អាករួចម្ដងមកហើយ ដោយសារព្រឹត្តិការណ៍ ៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ១៩ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «ព្រឹត្តិការណ៍ ៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ១៩ បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ។ ពេលនេះខ្ញុំកំពុងធ្វើដំណើរ ទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់ នៅថ្ងៃ៣០ វិច្ឆិកា២០២០ខានស្អែកនេះ» ។

សម្ដេចតេជោបន្ថែមថា ប្រមាណជាងមួយឆ្នាំទៀត ក្រុងសៀមរាបនឹងមានផ្លូវល្អ ដែលផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ ទីក្រុងទេសចរណ៍មួយនេះ។

សូមរំលឹកថា ការសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាប ត្រូវបានបែងចែកជា ៤ប្រភេទ ក្នុងនោះ៖ ប្រភេទទី១-ចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ (AC) ពីលើទេ ,ប្រភេទទី២-ចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ,ប្រភេទទី៣-ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុង ហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី៤- អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះ នៅមានភាពរឹងមាំស្រាប់ទៅហើយ ៕