សង្ស័យពុលទឹកស្រែ ស្លាប់២នាក់ និង១១នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ (Video)

0

ភ្នំពេញ៖ ស្ត្រី២នាក់បានស្លាប់ និង១១នាក់ផ្សេងទៀត មានអាការៈ ធ្ងន់និងស្រាល កំពុងត្រូវបានសង្គ្រោះបន្ទាន់ នៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីជនរងគ្រោះ ទាំងអស់ ទៅច្រូតស្រូវរួច បាននាំគ្នា ផឹកទឹក នៅក្នុងស្រែ ក្រោយពេលហូបបាយថ្ងៃត្រង់ធ្វើអោយមានការពុល ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលា ម៉ោង ៦ល្ងាច ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅក្នុង ភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ស្ត្រីដែលជា ជនរងគ្រោះ ដល់បាត់បង់ជីវិត នេះរួមមាន៖ ១- ឈ្មោះ ណុល វ៉ា រ៉ុ ម អាយុ ៤៥ ឆ្នាំ, ២- ឈ្មោះ ម៉ៅ ចិន្តា អាយុ ៤៧ ឆ្នាំ ។

ប្រភពព័ត៌មានបានអោយដឹងថា ក្រោយពីហូបបាយនិងផឹកទឹករួច រហូតដល់ម៉ោងជាង៤ រសៀល ថ្ងៃទី ២៥ វិច្ឆិកា ជនរងគ្រោះ ទាំងអស់ ចាប់ផ្តើមមានអា ការៈពុលក្អួតចង្អោរជាខ្លាំង និងអ្នកផ្សេងទៀតបានពុល ជា បន្តបន្ទាប់ ហើយ ត្រូវបាន ដឹកបញ្ជូនមកមណ្ឌលសុខភាព ស្រុកទឹកផុស ប៉ុន្តែ ដោយសារតែ អា ការៈពុលធ្ងន់ធ្ងរ ខ្លាំងពេក ត្រូវបានដឹកបញ្ជូន បន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្ត នៅ ម៉ោង៩យប់ នា ថ្ងៃ ដដែល ។

ប្រភពដដែលបញ្ជាក់ថា ដោយសារតែ អាការៈធ្ងន់ធ្ងរ រហូតដល់ ម៉ោងជាង១២ ពាក់កណ្តាលអធ្រាត្រ ស្ត្រីម្នាក់ជា ម្ចាស់ ស្រែបានស្លាប់ និងនៅ ម៉ោង៥ និង ៤៥ នាទី ល្ងាចថ្ងៃទី ២៦ ខែវិច្ឆិកា ក៏បណ្តាលឲ្យស្ត្រីម្នាក់ទៀត បានស្លាប់ នៅក្នុង មន្ទីរពេទ្យខេត្ត ។ រហូតមកដល់ ថ្ងៃទី២៦ វិច្ឆិកា អ្នកជំងឺទាំង១១នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង នៅឡើយ ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់ តាមដានស្ថានភាពសុខភាព និង អាការៈរោគរបស់ ជនរងគ្រោះ ទាំងនោះ ។

ទាក់ទិននឹងករណីនេះ សមត្ថកិច្ចជំនាញ ជាពិសេសខាងមន្ទីរសុខាភិបាលខេត្ត កំពុងធ្វើការស្រាវជ្រាវ រកមូលហេតុពិតឲ្យឃើញច្បាស់លាស់ ថាបណ្តាលមកអ្វី ៕