ភ្នំពេញ៖ លោកស្រី ហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនឪពុកជនជាតិចិន ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ បណ្តាលអោយស្លាប់ យ៉ាងអាណោចអាធ័ម ។
អំពើឃាតកម្មនេះ គឺ បានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់លេខ១០១ផ្ទះសំណាក់ មង្គលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឃាតកររូបនេះ ឈ្មោះ ភីន ភីន អាយុ៣០ឆ្នាំ ។ ចំណែកកូនស្រីរងគ្រោះមានឈ្មោះ ទ័រ ទ័រ អាយុជាង១ឆ្នាំ ។
សមត្ថកិច្ច បញ្ជាក់ថា មុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះឈ្មោះ ធុង ចាន់រះ អាយុ៣០ឆ្នាំបានរត់ចោលប្តី ជាជនជាតិចិននិងកូនស្រីតូច របស់ខ្លួន នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហា មកជួលបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេលជាង១ខែមកហើយ ។
លុះបានប្រហែល១០ថ្ងៃមុន ឃើញជនសង្ស័យបានបីកូនស្រីតូចរបស់ខ្លួន តាមរកឃើញម្តាយនៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នា រហូតមកដល់ថ្ងៃកើតហេតុ លុះស្រាប់តែឃើញជនសង្ស័យបានឈ្លោះប្រកែក ជាមួយម្តាយជនរងគ្រោះយ៉ាងខ្លាំង ហើយម្តាយជនរងគ្រោះ ក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ ។ ពេលនោះ ស្រាប់តែជនសង្ស័យ បានយកកន្រ្តៃចាក់កូនខ្លួនឯងជាច្រើនកន្រ្តៃបណ្តាល អោយដេកស្លាប់លើពូកហើយចាក់ខ្លួនឯង បណ្តាលមានរបួសស្នាម ៕




