ភ្នំពេញ៖ នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការ បង្ក្រាបបានករណីជួញដូរ គ្រឿងញៀនទ្រុងទ្រាយធំជិត ៤គីឡូក្រាម នៅរាជធានីភ្នំពេញ ឃាត់ខ្លួនយុវជនម្នាក់ ។
ប្រតិបត្តិការនេះដែរ គឺអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយកម្លាំងជំនាញ (ក៧) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង វ័រ វុទ្ធ និងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ បានបើកស៊ើប អង្កេតស្រាវជ្រាវបង្ក្រាបករណី រក្សាទុក ជួញដូរនូវគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ អ៊ុល ភារ: ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៣២៩៨.៥៤ក្រាម ៕