ភ្នំពេញ៖ ក្មេងស្ទេវ ៨នាក់ ក្នុងចំណោម៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេនាំគ្នាព្រួតវាយបុរសខ្មែរឥស្លាមម្នាក់ ជាគ្រូបង្ហាត់កីឡាសាច់ដុំ ប្លន់យកម៉ូតូ តែមិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៣៖៣០នាទី ទៀបភ្លឺថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អ៊ី សា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្ហាត់កីឡាសាច់ដុំ រស់នៅភូមិត្រពាំងព្រះ ឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ចំណែកជនសង្ស័យមានគ្នា ៩នាក់ ក្នុងនោះឈ្មោះ កើត គឹមអៀង អាយុ២១ឆ្នាំ បានគេចខ្លួន និងជាមេក្លោង ហើយក៏ជាអ្នកវាយលើជនរងគ្រោះ ព្រមធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ក្នុងករណីជួញដូរសារធាតុញៀនផងដែរ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពី ក្លឹបហាត់ប្រាណយកសាច់ដុំនៅរាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះនៅខេត្តកំពង់ស្ពឺ ។ ពេលដល់ចំណុចកើតហេតុ ស្រាប់តែមានបក្ខពួកជនសង្ស័យ មួយក្រុមគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿង បានមកវាយជនរងគ្រោះចំមួកសុវត្ថិភាព ពាក់នឹងក្បាលបណ្ដាលឲ្យដួលនៅលើផ្លូវជាតិ ។
ពេលនោះបក្ខពួកជនសង្ស័យ កំពុងសំឡុតជនរងគ្រោះយកម៉ូតូ ស្រាប់តែឃើញមានសមត្ថកិច្ច កំពុងល្បាតមកដល់ ជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់ទៅ ទិសខាងកើតតាមផ្លូវជាត់លេខ៤ ហើយសមត្ថកិច្ចបានដេញតាម និង ពួនស្ទាក់ទាក់ទងគ្នាតាមវិទ្យុទាក់ទង ក៏បានស្ទាក់ឃាត់ក្រុមបក្ខពួក ជនសង្ស័យបាន៨នាក់ តែម្ដង ។
តាមចម្លើយជនសង្ស័យ បានសារភាពថា ខ្លួននិងបក្ខពួកបាននាំគ្នាចាំ ធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិលេខ៤ ។ លុះដល់ពេលកើតហេតុ ទើបឃើញជនរងគ្រោះជិះម៉ូតូមក ពីទិសខាងកើតក៏នាំគ្នាជិះម៉ូតូដេញ ពីក្រោយហើយបានវាយជនរងគ្រោះ និងគំរាមយកម៉ូតូប្រាកដមែន ៕


