ញ៉យដងពេក! អតីតប្រពន្ធទ្រាំលែងបាន ប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួន

0

ភ្នំពេញ៖ បុរសសង្ស័យម្នាក់ទាស់ពាក្យសម្តី ជាមួយស្ត្រីម្នាក់ ទប់កំហឹងមិនបាន បានវាយទៅលើស្ត្រី ជាគូរទំនាស់របស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ដែលករណីនេះ បានកើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨៖៣០នាទី នៅចំណុចផ្សារពាមប្រជុំ ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភឿន ថាវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ស៊ន ស៊ុយ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងដែក មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។

ប្រភពដដែលបន្តថាកន្លងមក ជនសង្សយ័បានវាយជនរងគ្រោះ ម្តងរួចមកហើយបណ្ដាលឲ្យ មានស្នាមរបួសលើដងខ្លួនជាច្រើនកន្លែងហើយ សមត្ថកិច្ចបានហៅជនសង្សយ័ មកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលរួចផងដែរ។ លុះមកដល់ថ្ងៃ/ខែ/ឆ្នាំ វេលាម៉ោងកើតហេតុ ខាងលើជនសង្ស័យ បានបើកបរកង់ឥណ្ឌា ទៅចំណុចកើតហេតុ នៅផ្សារពាមប្រជុំ មុខផ្ទះរបស់ឈ្មោះ ភឿន រ៉ានី ដែលជាប្អូនរបស់អតីតប្រពន្ធ បន្ទាប់មកជនសង្ស័យ បានប្រទាក់ពាក្យសម្ដី ជាមួយក្រុមគ្រួសាររបស់ឈ្មោះ ភឿន រ៉ានី ខណៈនោះ ជនរងគ្រោះឈ្មោះ ភឿន ថាវី បានមកដល់ហើយ ក៏បានប្រទាក់ពាក្យសម្ដីគ្នាបន្ថែមទៀត បណ្ដាលឱ្យជនសង្ស័យ ខឹងរួចជនសង្ស័យ បានមកវាយដំទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួសតែម្ដង។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល។ រហូតមកដល់ថ្ងៃទី២៤ ខែឆ្នាំដដែល សមត្ថកិច្ចបានកោះហៅជន សង្ស័យមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយស្ត្រីរងគ្រោះ ប្រាកដមែន។ ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕