ភ្នំពេញ៖ បុរសម្នាក់បើក រថយន្ដស្ទូចឡើងស្ពានព្រះមុនីវង្សចាស់ បានពាក់កណ្ដាលស្ពានទៅហើយ ស្រាប់តែរលត់ម៉ាស៊ីនរអិលរថយន្តថយក្រោយ បុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រើនកំណាត់ រួចក៏បានធ្លាក់ចូលសួន តែសំណាងល្អមិនបង្កឲ្យ មានអ្នកណាម្នាក់រងរបួសឡើយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
បើតាមសម្ដីតៃកុងរថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តស្ទូច ពាក់ស្លាកលេខភ្នំពេញ 3F-3064 ចេញពីក្នុងបុរីមួយកន្លែងក្បែរផ្លូវជាតិលេខ១ គោលបំណងឆ្ពោះទៅព្រែកលៀប ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកឡើងស្ពានព្រះមុនីវង្សចាស់ ដល់ពាក់កណ្ដាលស្ពានហើយ ក៏បានរលត់ម៉ាស៊ីន ហើយគាត់ជាន់ហ្វ្រ័ងដែរតែមិនស៊ី បណ្ដាលឱ្យរអិលថយក្រោយ បុករះបង្កាន់ដៃស្ពានបាក់ ៣កំណាត់ តែសំណាងល្អគ្មានអ្នកណាម្នាក់ រងរបួសនោះឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទង ទៅជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ឲ្យមកធ្វើកំណត់ហេតុ និងវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយតាមច្បាប ៕



