ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថាកម្ពុជានឹងចុះត្រជាក់ចាប់ពីខែធ្នូ រហូតដល់ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដោយសាររងឥទ្ធិពល នៃបាតុភូតឡានីណា ពីប្រទេសចិន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០ បានឲ្យដឹងថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ដោយ សារឥទ្ធិពលនៃបាតុភូត ឡានីណា (La Nita ) បានធ្វើឲ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះ មកក្រោមខ្លាំង និងគ្របដណ្តប់មកលើកម្ពុជា ។
ក្រសួងបន្តថាតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងរដូវរំហើយខាង មុខនេះ (ខែធ្នូ ឆ្នាំ ២០២០-ខែមករា ឆ្នាំ ២០២១) ស្ថានភាពធាតុអាកាស និងចុះត្រជាក់ជាងបណ្តា ឆ្នាំកន្លងទៅ ។
ក្រសួងបានលើកឡើងថា ធាតុអាកាសនឹងចាប់ផ្តើម ចុះត្រជាក់លើកទី ១ ដោយចាប់ពីសប្តាហ៍ទី ១ ខែធ្នូ ដល់ សប្តាហ៍ទី ៣ ខែធ្នូ ឆ្នាំ២០២០ៗ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនធាតុអាកាស អាចនឹងចុះត្រជាក់ ពីមធ្យមទៅបង្គួរ ក្នុងនោះមាន ៖
– បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៨C ទៅ ២១C ។
– បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩°C ទៅ ២ ២ C។
ក្រសួងអោយយដឹងទៀតថា ធាតុអាកាសនឹងចុះត្រជាក់ លើកទី ២ ដោយចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់ បំណាច់ខែមករា ឆ្នាំ ២០២១ ។ ក្នុងអំឡុងពេលនោះធាតុអាកាស នឹងចុះត្រជាក់ខ្លាំងនិងត្រជាក់យូរច្រើនថ្ងៃ ក្នុងនោះមាន ៖
– បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្រ្តជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៦C ទៅ ១៩ C ។ បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នៅក្នុងរង្វង់ពី ១៨°C ទៅ ២១C ។
ក្រសួងបន្ថែមថា យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមជ្រាបជាព័ត៌មាន ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មាន ជាបននតបន្ទាប់ទៀត ក្នុងករណីអាកាសជ៊ធាតុ មានការប្រែប្រួល ៕