ឃាត់ខ្លួននារីស្រស់ស្អាតម្នាក់ ក្រោយចូលលួចទ្រព្យសម្បត្តិ អ្នកដទៃដល់ក្នុងផ្ទះ

0

ភ្នំពេញ ៖ កម្លាំងនគរបាល នៃការិយាល័យនគរបាល ព្រហ្មទណ្ឌខេត្តសៀមរាប បានចាប់ឃាត់ខ្លួននារី ជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួចទ្រព្យសម្បត្តិ (ប្រាក់និងគ្រឿងអលង្ការ) លើស្រី្តជនរងគ្រោះម្នាក់ទៀត ខណៈពេលនារីរងគ្រោះ រូបនោះមិនបាននៅផ្ទះ ដោយមានធុរៈចេញទៅខាងក្រៅ ពេលនោះជនសង្ស័យ បានធ្វើសកម្មភាពចូល ទៅក្នុងបន្ទប់គេងរបស់ជនរងគ្រោះ ដែលមិនបានចាក់សោទ្វារ ហើយជនសង្ស័យ បានធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិមួយចំនួន ពេលធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបម្រុងដើរចេញ មកក្រៅដើម្បីគេចខ្លួន ពេលនោះត្រូវបានឪពុករបស់ជនរងគ្រោះ បានឃើញជនសង្ស័យ រួចធ្វើការឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗ យកមកប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

យោងតាមរបាយការណ៍ របស់មន្ត្រីនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ទ្រី រ៉ូមីហ្សឺ ហៅ ធី (នីតា) ភេទស្រី អាយុ១៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំណែកឯជនរងគ្រោះឈ្មោះ សំ ស្រីដែន ហៅ (ហ្វាស៊ីរ៉ា) ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរបុគ្គលិកផ្សារទំនើប មានទីលំនៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

រីឯវត្ថុតាងរួមមាន ៖ កងដៃឈុត ធ្វើអំពីផ្លាកទីន ចំនួនដប់កង ដែលមានតម្លៃទឹកប្រាក់ចំនួន ៧០០ដុល្លារ, ខ្សែដៃមួយខ្សែ ប្រភេទច្រវ៉ាក់ឆាប ធ្វើអំពីផ្លាកទីនចំនួនមួយខ្សែ មានទម្ងន់ ៥ជី តម្លៃ ៥០០ដុល្លារ , ចិញ្ចៀនម៉ូតផ្កាច័ន្ទត្បូងពណ៌ស ធ្វើអំពីផ្លាកទីន ចំនួនមួយវង់ មានតម្លៃ ៧០ដុល្លារ, ទូរស័ព្ទ ipad ចំនួន ១ គ្រឿង ពណ៌មាស មានតម្លៃ ៥២០ដុល្លារ, ប្រាក់ដុល្លារចំនួន ៤០ដុល្លារ, ប្រាក់បាតថៃចំនួន ២០០បាត, ប្រាក់ខ្មែរចំនួន ១៨០០,០០០រៀល, ។

បច្ចុប្បន្ន ករណីនេះនគរបាលជំនាញ កំពុងធ្វើការកសាងសំណុំរឿងចាត់បញ្ជូនតាមនីតិវិធី ៕