មន្ត្រីសាលា ខេត្តបន្ទាយមានជ័យម្នាក់ ជិះម៉ូតូបុកឡានដឹកស្រូវ កំពុងឈប់ចតស្ងៀម ពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់

0

ភ្នំពេញ ៖ យុវជនម្នាក់ ដែលគេស្គាល់ថាជាមន្ត្រី បំរើការងារនៅសាលាខេត្តបន្ទាយមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ ដោយបើកម៉ូតូបុករថយន្តធុនធំ ដឹកស្រូវពីក្រោយ ។ ហេតុការណ៍បង្កឲ្យមានការ ភ្ញាក់ផ្អើលនេះ បាន កើតឡើង នៅវេលាម៉ោង ៧យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវកោង ក្នុងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មាន ពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ អ្នកបើកបរម៉ូតូ ឈ្មោះ វ៉ៃ វិន ភេទប្រុស អាយុ២៩ ឆ្នាំ (មិនពាក់មួកសុវត្ថិភាព)រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាមន្ត្រីបំរើការងារ នៅ សាលា ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូ ម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ .1U-2160 ក្នុងទិសដៅពីត្បូងទៅ ជើង ដល់ចំណុចកើតហេតុ ចំណុចផ្លូវកោង ក្នុងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក បានបុករថយន្តធុនធំ ដឹកស្រូវម៉ាក HINO ស្លាកលេខ ពោធិ៍សាត់ 3A-0634 ដែលឈប់ចត គ្មានដាក់ស្លាកសញ្ញាសម្គាល់ បំរុងលើកការុងស្រូវដាក់ លើរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះ ត្រូវបានសាច់ញាតិ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកមិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំណែកអ្នកបើកបររថយន្ត ក្រោយកើតហេតុបាន រត់គេចខ្លួនបាត់។

យោងតាមការចុះផ្សាយ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងបន្ថែមថាវត្ថុតាងម៉ូតូ និងរថយន្ត សមត្ថកិច្ចនគរបាលជំនាញ យកទៅ រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្វាយចេក ដើម្បីរង់ចាំធ្វើការ ដោះស្រាយ នៅពេលក្រោយ ។មូលហេតុបង្កឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្ត ឈប់ចត លើទ្រូងផ្លូវខាងឆ្វេងដៃជាចំណុចផ្លូវកោង និងមិនមានដាក់ស្លាកសញ្ញាសម្គាល់ ៕