ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋជាច្រើនដង។ហេតការណ៍នេះកើតឡើង កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
បើតាម អធិការដ្ឋាននគរបាល ស្រុកមុខកំពូល បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ហ៊ន លក្ខិណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅសព្វថ្ងៃភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចបានអោយដឹងបន្ថែមថា កន្លងមក កាលពីថ្ងៃខែមិនចាំ ឆ្នាំ២០១៩ មានជនមិនស្គាល់អត្ដសញ្ញាណ បានធ្វើសកម្មភាព ចូលផ្ទះជនរងគ្រោះ លួចយកម៉ូតូម៉ាកហុងដា C125ពណ៌ខ្មៅ ស្លាកលេខមិនចាំ ០១ គ្រឿង។ ក្រោយមកទៀត ក៏ចូលលួចប្រេងម៉ាស៊ីន១០កាន និងម៉ូទ័រកិនម្សៅ ០១គ្រឿង។ នៅថ្ងៃមិនចាំ ក្នុងខែ១១ ឆ្នាំ២០២០ ជនមិនស្គាល់អត្តសញ្ញាណ បានចូលលួចអាគុយ ១២០អំពែរ របស់ជនរងគ្រោះអស់ ១ទៀត។
ពាក់ព័ន្ធសកម្មភាព ៣ករណីខាងលើ ជនរងគ្រោះ មិនបានមកដាក់ពាក្យបណ្ដឹង នៅសមត្ថកិច្ចប៉ុស្តិ៍ទេ ដោយគ្រាន់តែទៅជំរាបអាជ្ញាធរ ភូមិ-ឃុំ តែប៉ុណ្ណោះ ។ លុះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៥:០០នាទី ទៀបភ្លឺ ជនរងគ្រោះ និងក្រុមគ្រួសារ បានចេញពីផ្ទះទាំងអស់គ្នា ទៅលក់ដូរ នៅផ្សារវត្តជ្រឹង ភូមិពាម ឃុំរកាកោងទី១ រហូតដល់ម៉ោង០៩:៣០នាទីព្រឹក ក៏ត្រឡប់មកផ្ទះវិញ ហើយបានឃើញទ្វារផ្ទះ ខាងក្រោយមានស្នាមគាស់គន្លឹះបាក់ មួយចំហៀង ហើយនៅក្នុងបន្ទប់ដេក មានស្នាម រើជជុះខោអាវ និង ថតតុចំនួន០៣ ទាញចេញមកក្រៅ ទាំងអស់ ដោយវាលួចយកតែម៉ូទ័រកាត់ដែក ០១គ្រឿង ក្រៅពីនេះពុំមានការបាត់បង់អ្វីនោះទេ ។ លុះដល់វេលាម៉ោង១០:៣០នាទីព្រឹក នាថ្ងៃដដែល ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល រកាកោងទី១ បានចុះទៅពិនិត្យផ្ទះកើតហេតុ និងធ្វើការស្រាវជ្រាវរកមុខសញ្ញា។
រហូតមកដល់ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២០ ជំនាញនិងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវ និងបានធ្វើការបំភ្លឺ ពីឈ្មោះ ខី រ៉ាឌី បានបញ្ជាក់ប្រាប់សមត្ថកិច្ចឱ្យដឹងថា កន្លងមកខ្លួនធ្លាប់ដើរ លេងល្បែងស៊ីសង (អាប៉ោង) ជាមួយឈ្មោះ រ៉ន ហួត នៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ហើយពេលនោះឈ្មោះ រ៉ន ហួត ធ្លាប់បាននិយាយប្រាប់ខ្លួនថា៖ អញធ្លាប់បានចូលលួចម៉ូទ័រ និងប្រេង នៅផ្ទះរបស់ឈ្មោះ ម៉ាន់ ថា (ឪពុកក្មេកជនរងគ្រោះ) នៅភូមិពាម លួចទូរស័ព្ទរបស់ព្រះសង្ឃគង់ នៅវត្តគោហ៊េ និងលួចអាគុយ នៅចុងព្រែក ឃុំរកាកោងទី២ ។ មកដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩:៣០នាទី ជំនាញនិងប៉ុស្តិ៍បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ រ៉ន ម៉េងហួត យកមកធ្វើការសាកសួរ ។
នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចប្រេងម៉ាស៊ូត០២កាន ម៉ូទ័រ០២គ្រឿង និងអាគុយ ០១គ្រឿង១២០អំពែរ របស់ជនរងគ្រោះពិតប្រាកដមែន។
ចំពោះជនសង្ស័យ ឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ករណីនេះជំនាញនិងប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕