គួរឱ្យអនិច្ចា ទីសក្ការបូជា «ព្រះអង្គជប់» នៃភ្នំគូលែន

0

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប បានលើកឡើង ទាំងហួសចិត្តថា គួរឱ្យអនិច្ចា ទីសក្ការបូជា«ព្រះអង្គជប់»នៃភ្នំគូលែន កន្លែងដែលធ្លាប់ តែល្បីល្បាញ និងមានពុទ្ធបរិស័ទ មកពីគ្រប់ទិសទី ផ្តល់ការគោរពប្រណិប័តន៍ បែរជាត្រូវមកគ្របដណ្តប់ ដោយសំរាម រប៉ាតរប៉ាយ គួរឱ្យស្អប់ខ្ពើមទៅវិញ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកថា ក្នុងឱកាស «ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២០» អនុញ្ញាតឱ្យខ្ញុំលើកយកប្រធានបទនេះ មកពិភាក្សា និងរិះគិតពិចារណាបន្តិច សង្ឃឹមថានឹងបានលើកកម្ពស់ ការយល់ដឹងពីសារៈសំខាន់នៃការថែរក្សា អនាម័យបរិស្ថាន ជាពិសេសនៅក្នុងតំបន់ សក្ការបូជា និងតំបន់ឧទ្យានជាតិដូចជាព្រះអង្គជប់នេះ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានដើរឡើង មកដល់ «ព្រះអង្គជប់» ចាប់តាំងពីខ្ញុំបានបំពេញ តួនាទីជាអភិបាលស្រុកបន្ទាយស្រី។ ខ្ញុំតែងតែបានលឺពីកិត្តិស័ព្ទ ភាពខ្លាំងពូកែស័ក្តិសិទ្ធិ និងសក្តានុពល ខាងផ្នែកទេសចរណ៍ សាសនា នៃកន្លែងដ៏វិសិដ្ឋមួយនេះ ប៉ុន្តែដោយហេតុតែទីនេះ ជាតំបន់ឧទ្យានជាតិ និងជាបន្ទាត់ព្រំប្រទល់ ខណ្ឌចែករវាងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ (ត្រឹមច្រកឡើងនៅជើងភ្នំ ស្ថិតក្នុងស្រុកបន្ទាយស្រី ចំណែកផ្លូវឡើង និងផ្នែកខាងលើស្ថិតក្នុង ស្រុកស្វាយលើ) ខ្ញុំតែងតែមិនបានចាត់ទុកទីនេះ ជាតំបន់គ្រប់គ្រង របស់រដ្ឋបាលស្រុកបន្ទាយស្រី នោះទេ។ តែថ្មីៗនេះ រដ្ឋបាលស្រុកទទួល បានសំណូមពរ ពីប្រជាពលរដ្ឋឱ្យជួយពិនិត្យ លើបញ្ហាសំរាម និងកាកសំណល់នានា ដែលបានចោទជា បញ្ហាប្រឈម ទើបសម្រេចប្រមូល បងប្អូនប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត ប្រជាការពារ ព្រមទាំងចាប់ដៃគូសហការជាមួយក្រុមហ៊ុនចំបុីសៀមរាប សរុបកំលាំងជិត២០០នាក់ ដាក់កម្មវិធីសម្អាតបរិស្ថាន នៅក្នុងតំបន់នេះឱ្យចំ ថ្ងៃទិវាបរិស្ថាន២៣ វិច្ឆិកា តែម្តង។ តែអ្វីៗមានសភាពធ្ងន់ធ្ងរ លើសពីការរំពឹង ទុកទៅទៀត។ ចាប់តាំងពីចំណតរថយន្តនៅខាងផ្នែកខាងក្រោម នៅតាមសងខាងជណ្តើរឡើង និងផ្លូវរថយន្ត ចំណុចសម្រាកជើងនីមួយៗ ជាពិសេសនៅជុំវិញបរិវេណដែលមានអ្នកលក់ដូរ និងផ្នែកខាងលើនៃភ្នំ ក៏ដូចជាបរិវេណជុំវិញបន្ទប់ទឹក សំរាមយ៉ាងច្រើនមាននៅស្ទើរតែគ្រប់ទីកន្លែង ហាក់ដូចជាមិនដែលមានអ្នកណាធ្លាប់មកសម្អាតទាល់តែសោះ ដែលធ្វើឱ្យមានការខ្ពើមរអើម មិនចង់សូម្បីតែដើរឆ្លងកាត់ កុំថាឡើយឱ្យមកលេងកម្សាន្ត។ តែហេតុអ្វី?
ទទួលស្គាល់ថាទីនេះ មិនទាន់មានការគ្រប់គ្រងផ្ទាល់ ដោយអាជ្ញាធរមូលដ្ឋាន ណាមួយនៅឡើយទេ អាចថាបណ្តាលមកពី ភាពមិនច្បាស់លាស់ នៃដែនសមត្ថកិច្ច ទទួលខុសត្រូវក៏ថាបាន ព្រោះយ៉ាងហោចណាស់ ក៏មានស្ថាប័ន៤ដែរ ដែលពាក់ព័ន្ធនៅទីនេះ(បរិស្ថាន? អប្សរា? ស្វាយលើ? បន្ទាយស្រី?)។ប៉ុន្តែកន្លងមក នៅទីនេះក៏មានក្រុមអ្នកទទួល បានផលប្រយោជន៍ពីភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកាន់ព្រះអង្គជប់រួចទៅហើយ ទាំងអ្នកលក់ដូរ ទាំងអ្នកយកថ្លៃចំណត រថយន្តនិងផ្លូវឡើង ព្រមទាំងគណៈកម្មការវត្ត និងអាស្រមនៅផ្នែកខាងលើផងដែរ។ ចុះហេតុអ្វីបានជាមិនមាន អ្នកណាទទួលខុសត្រូវ លើបញ្ហាសំរាមយ៉ាងដូច្នេះ? តើប្រយោជន៍ ឯកជន គួរមានចំណង គណនេយ្យភាព ជាមួយការការពារ ផលប្រយោជន៍រួមដែររឺទេ? តើវាជាកង្វះខាតមធ្យោបាយ ឬការគ្រប់គ្រង? ចុះបើយើងចង់ចាប់ផ្តើមគ្រប់គ្រងវា គួរធ្វើបែបណា? គួរចាប់ផ្តើមពីចំណុចណា? ខ្ញុំជឿថាយើងមិនអាច មានចម្លើយភ្លាម ដោយមិនមានការសិក្សាលម្អិត ពីឫសគល់នៃបញ្ហា និងនាំអ្នកពាក់ព័ន្ធទាំងអស់មកជួបគ្នាអង្គុយពិភាក្សាគ្នានោះទេ ប៉ុន្តែរាល់ការអភិវឌ្ឍត្រូវតែមានចីរភាព។ ប្រសិនបើយើង មិនទាន់មានលទ្ធភាព ធានាឱ្យបានថា ការអភិវឌ្ឍថ្ងៃនេះ នឹងមិនធ្វើឱ្យមានវិនាសកម្ម នៅក្នុងថ្ងៃស្អែក យើងមិនគួរយកអនាគតនៃបរិស្ថាន ធម្មជាតិ និងវប្បធម៌ ដែលមិនអាចកាត់ថ្លៃបាននេះ មកប្រថុយប្រថាន ឬយកផលប្រយោជន៍ រួមមកប្តូរជាមួយនឹងប្រយោជន៍ ឯកជនបន្តិចបន្តួច របស់បុគ្គលរឺក្រុមណាមួយ នោះទេ។

ជាការចាប់ផ្តើម រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងនឹងធ្វើការពិភាក្សា ជាមួយរដ្ឋបាលស្រុកស្វាយលើ ក្រសួងបរិស្ថាននិងអាជ្ញាធរជាតិអប្សរា ដើម្បីឈានទៅរក យន្តការគ្រប់គ្រង ប្រកបដោយនិរន្តភាព មួយនៅទីនេះ។ ការបង្កើតគណៈកម្មការ គ្រប់គ្រងឬសហគមន៍ ផ្លូវការច្បាស់លាស់ណាមួយ ដែលមានលទ្ធភាព អាចស្វ័យគ្រប់គ្រងបាន គឺជាជម្រើសល្អមួយ ដែលគួរយកមកពិចារណា ប៉ុន្តែទម្រាំនឹងយើងអាច មានយន្តការជាក់លាក់ ទាំងនោះបាន ក្នុងនាមរដ្ឋបាល ស្រុកបន្ទាយស្រី ខ្ញុំសូមអំពាវនាវ ២ចំណុចជាបណ្តោះអាសន្ន៖

– សូមបងប្អូនអ្នកទេសចរ និងពុទ្ធបរិស័ទ្ធទាំងអស់ ដែលមកទស្សនាកម្សាន្ត ឬធ្វើបុណ្យធ្វើទាននៅទីនេះ មេត្តាគ្រប់គ្រងសំរាម ផ្ទាល់ខ្លួន និងផ្តល់ភាពទទួលខុសត្រូវ លើសំរាមដែលខ្លួនបានបង្កើត ព្រោះរាល់សំរាម ដែលបោះចោលនៅទីនេះ នឹងបន្តនៅទីនេះជារៀងរហូត។ បើអាច សូមធ្វើការកាត់បន្ថយ និងវេចខ្ចប់យកសំរាម ត្រលប់ទៅវិញផង។ ទោះបីជាថ្ងៃនេះ ក្រុមការងារ បានសម្អាតតាមដងផ្លូវ បានមួយអន្លើធំក៏ដោយ ក៏យើងមិនទាន់មានយន្តការ ប្រមូលសំរាមថ្មីៗ នៅឡើយទេ ចំណែកឯធុងសំរាមច្រើន ក៏មិនមែនជាដំណោះស្រាយដែរ ដរាបណាមិនទាន់មាន យន្តការគ្រប់គ្រងជាប្រចាំ។

– សប្បុរសជនដែលតែងតែ បរិច្ចាគ ធ្វើបុណ្យធ្វើទាន ទៅកាន់ព្រះអង្គជប់ គួរពិចារណារំលែក ការចូលរួមនេះ មកលើកិច្ចគាំពារ ថែរក្សាបរិស្ថាន និងគ្រប់គ្រងសំរាមផង តាមរយៈការជ្រោមជ្រែង លើយុវជនស្ម័គ្រចិត្ត ឬឧបត្ថម្ភដល់ ប្រជាការពារ ដែលធ្វើការពាក់ព័ន្ធ នឹងការប្រមូលសំរាម។ ភាពស័ក្តសិទ្ធ និងការគោរពបូជាមិនគួរធ្វើឡើង នៅក្នុងទីដែលគគ្រិចនោះទេ ហើយការស្រលាញ់ ថែរក្សាបរិស្ថាន ក៏អាចរាប់ថា ជាការធ្វើបុណ្យបានដែរ។

សង្ឃឹមថាការលើកឡើងរបស់ខ្ញុំ អំពីការប្រឈមធ្ងន់ធ្ងរ នៃបញ្ហាសំរាម នៅក្នុងតំបន់ព្រះជប់ ក្នុងថ្ងៃទិវាបរិស្ថាន២៣ វិច្ឆិកានេះ នឹងបានក្រើនរំលឹកពីសារៈសំខាន់ នៃការថែរក្សាបរិស្ថានធម្មជាតិ និងធានាបាននូវ ការអភិវឌ្ឍ ប្រកបដោយចីរភាព ដើម្បីអនាគតយូរអង្វែង របស់យើងទាំងអស់គ្នា ៕