ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័ស នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនពិនិត្យឃើញថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុកឈ្មោះ Ah Phalla ដែលកំពុងរស់នៅឯប្រទេសចិន បានធ្វើខ្លឹមសារ អមជាមួយឃ្លីបវីដេអូ បង្ហោះក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក អំពាវនាវចង់ជួបសន្ទនា ជាមួយកូនស្រីដែល កំពុងរស់នៅប្រទេសកម្ពុជា តាមរយៈទូរស័ព្ទ ។
ដោយយល់ពីទំហំ នៃសេចក្តីនឹករឭករបស់ម្ដាយចំពោះកូន ដែលបានបែកគ្នារយៈពេលជាង ៧ឆ្នាំ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចាត់តាំងមន្ត្រីជំនាញធ្វើការស្រាវជ្រាវ ស្វែងរកប្រភពពិតប្រាកដន័យព័ត៌មាន និងអនុវត្តជំនាញ។
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរកឃើញឈ្មោះ គឹម ថាវី អាយុ ៥៧ ឆ្នាំ មុខរបរគប់ប៉េងប៉ោង នៅក្នុងសួនកំសាន្តចំការព្រីង ស្នាក់នៅផ្ទះលេខ ២២សេ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទូរសព្ទលេខ 096 95 94 453 ។ នៅចំពោះមុខសមត្ថកិច្ច អ្នកមីង ឌី ថាវី បានបញ្ជាក់ថា ស្ត្រីដែលបានបង្ហោះវីដេអូឃ្លីប ពីប្រទេសចិនមកនោះ មានឈ្មោះ ឌី លីគុន អាយុ ៣២ឆ្នាំ ត្រូវជាកូនប្រសារ ក៏ប៉ុន្តែបានលែងលះគ្នា ជាមួយប្តីចាប់តាំងពីកូនស្រីឈ្មោះ ទូច លីហ្សា អាយុបាន១ឆ្នាំ ដែលបច្ចុប្បន្ននេះកូនស្រី រូបនោះមានអាយុ ៨ឆ្នាំហើយ និងកំពុងរស់នៅក្នុងបន្ទុកគ្រួសាររបស់គាត់។
តបតាមសំណូមពរស្ត្រីជាម្ដាយ ដែលទទួលចង់ជួបសន្ទនាតាមទូរស័ព្ទ ជាមួយកូនស្រីរបស់ខ្លួន កម្លាំងជំនាញនៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានខិតខំសម្របសម្រួល ជូនក្រុមគ្រួសារបានជួបជជែកគ្នា តាមទូរសព្ទបានដោយជោគជ័យ។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានសង្កត់ធ្ងន់ថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននឹងខិតខំ ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ទាំងការផ្ដល់សេវាការងារជំនាញដោយផ្ទាល់ និងនៅលើបណ្ដាញទំនាក់ទំនងសង្គម និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណជនដែលបាន សហការផ្ដល់ព័ត៌មានក្នុងការ ចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការចូលរួមចំណែក ក្នុងការងារយុត្តិធម៌សង្គមនៅកម្ពុជា ជាមួយកងកម្លាំងនគរបាលជាតិ នៅទូទាំងប្រទេស ៕