លេខសម្ងាត់ 123456 នៅតែមានប្រជាប្រិយភាព និងពេញនិយមខ្លាំង ចំពោះអ្នកប្រើ

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា លេខសម្ងាត់ដែលមានប្រជាប្រិយភាពខ្លាំងនោះគឺ “123456” និង “password”។ ស្របពេលដែលឆ្នាំ២០២០ ជិតកន្លងផុតទៅហើយនោះ ពួកគេក៏បានធ្វើការស្រាវជ្រាវជាថ្មីម្តងទៀត ដើម្បីបង្ហាញអំពីលេខសម្ងាត់ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែមានភាពពេញនិយម ចំពោះអ្នកប្រើប្រាស់។

បន្ទាប់ពីបានធ្វើការវិភាគទៅលើ លេខសម្ងាត់ដែលបានបែកធ្លាយប្រមាណជិត ៣លាន ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន NordPass បានរកឃើញថា លេខសម្ងាត់ភាគច្រើនគឺងាយនឹងស្មានដឹង ដែលនេះអាចឱ្យក្រុមអ្នកវាយប្រហារ ជ្រៀតចូលទៅក្នុងគណនី ដោយប្រើរយៈពេលតែ ១-២វិនាទីតែប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញ អំពីលេខសម្ងាត់ដែលអ្នកប្រើប្រាស់ ជាច្រើននៅតែចូលចិត្តប្រើ មានដូចជា “123456”, “123456789”, “picture1”, “password,” និង “12345678” ជាដើម ហើយនៅក្នុងចំណោម លេខសម្ងាត់ទាំងអស់នេះមានតែលេខសម្ងាត់ “picture1” តែមួយប៉ុណ្ណោះដែលត្រូវចំណាយ ពេលប្រមាណ៣ម៉ោង ដើម្បីបំបែកបាន។

ក្នុងការស្រាវជ្រាវនេះ គេក៏បានរកឃើញផងដែរថា អ្នកប្រើប្រាស់មួយចំនួន បានប្រើលេខសម្ងាត់ដូចជា “football” “iloveyou” “letmein” និង “pokemon” ដែលនេះបង្ហាញថាអ្នកប្រើប្រាស់ ជាច្រើននៅតែមិនមានការ ប្រុងប្រយ័ត្នជាមួយនឹង សុវត្ថិភាពក្នុងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យានៅឡើយទេ។

គួររំឭកផងដែរថា កាលពីខែកក្កដាកន្លងទៅ ក៏មាននិស្សិតម្នាក់បានធ្វើការ ស្រាវជ្រាវទាក់ទងនឹងបញ្ហាលេខសម្ងាត់នេះ ហើយនាយកដ្ឋានក៏បានធ្វើការ ផ្សព្វផ្សាយរួចមកហើយដែរ។ ដូច្នេះជាថ្មីម្ដងទៀត នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាសូមធ្វើការណែនាំ ដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យប្រើ លេខសម្ងាត់ដែលមានលក្ខណៈស្មុគស្មាញ និងពិបាកស្មានជាងនេះបន្តិច ចៀសវាងប្រើលេខសម្ងាត់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ ស្លាកលេខយានយន្ត ដែលធ្វើឱ្យមានភាពងាយស្រួល ក្នុងការលួចចូលរបស់ជនអនាមិក ៕