មហារន្ធត់! យុវជន ៣នាក់ ចេញពីផឹក ជិះម៉ូតូឌុបគ្នាជ្រុលទៅ បុកឡានចតលើផ្លូវដាច់ ក ស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់

0

ភ្នំពេញ៖ យុវជន ៣នាក់ ចេញពីផឹកស្រា ជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញ ដល់ពាក់កណ្ដាលផ្លូវក៏ជ្រុលទៅបុករថយន្ត ចតចោលលើផ្លូវ ដាច់កស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង ២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យឯករាជ្យប្រមាណ ៣០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ តេង អាយុប្រហែល២០ឆ្នាំ មុខរបដឹកទឹកសុទ្ធ ស្នាក់នៅម្ដុំផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំនើតនៅខេត្តព្រៃវែង និងម្នាក់ទៀតមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។

បើតាមប្រភពព័ត៌មាន ពីមិត្តភ័ក្ត្ររបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនទាំង ៣នាក់ខាងលើបានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1C 3687 ជិះចេញពីផឹកស្រាក្រឡុកម្តុំកាណាឌីយ៉ា គោលបំណងត្រលប់ទៅកន្លែងស្នាក់នៅវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ សណ្ដោងរ៉ឺម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1534 ដែលចតលើចំណីផ្លូវមុខរោងចក្រពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដាច់ ក ស្លាប់ ២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ភ្លាមៗនោះដែរតៃកុងរថយន្តហ៊ីយ៉ាន់ដាយ ឃើញសភាពការណ៍មិនស្រួល បានបើករថយន្តចេញពីកន្លែងកើតហេតុបាន ៣០០ម៉ែត្រ សង្ងំដេកក្នុងកាបីនរថយន្ត ធ្វើដូចជាមិនដឹងអ្វីកើតឡើង ។

ក្រោយហេតុការណ៍ សមត្ថកិច្ចមូលដ្ឋាន បានដឹកតៃកុងរថយន្តខាងលើ យកទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាល ចោមចៅ១ រង់ចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ថកិច្ចជំនាញចុះ មកវាស់វែងយករថយន្ត និងម៉ូតូរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសពរងគ្រោះទាំង ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់រួចប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕