ភ្នំពេញ៖ ក្រសួងសុខាភិបាល នែព្រះរាជាណាចក្រកម្ពុជា បានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៣នាក់បន្ថែមទៀត និងគ្មានអ្នកឆ្លងថ្មីនោះឡើយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បញ្ជាក់ថា អ្នកជាសះស្បើយទាំង ៣នាក់នោះរួមមាន៖
-បុរសជនជាតិប៉ាគីស្ថាន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
-បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
-បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិទំនប់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ
ពួកគាត់ទាំងពីរនាក់ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
បុគ្គលទាំង ៣នាក់ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២០ វិច្ឆិកានេះ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៩៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន ៩នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញចំនួនម្នាក់ ៕