ទឹកប្តូរនិស្ស័យ! ប្រល័យមិត្តភាព ប៉ូលិសពីរនាក់ ឈានដល់ការដកកាំភ្លើង គំរាមបាញ់សម្លាប់គ្នា

0

ភ្នំពេញ៖ ដូចពាក្យចាស់ពោលថា «ទឹកប្តូរនិស្ស័យ» ពិតជាមិនខុសមែន ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ម្នាក់ ពាក់ព័ន្ធបទល្មើស ដកកាំភ្លើងបញ្ចូលគ្រាប់គំរាមបាញ់សម្លាប់ ប៉ូលិសដូចគ្នា និង ជាមិត្តភក្តិគ្នា ផងដែរ ដោយសារជម្លោះ ក្នុងវង់ផឹកស៊ី ។

សមត្ថកិច្ច បានឃាត់ខ្លួនប៉ូលិសរូបនេះ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យជាប៉ូលិសរូបនេះមានឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសដូចគ្នា ។

អង្គហេតុនៃករណីនេះ ត្រូវបានសមត្ថកិច្ច ថ្លែងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២៖៣០នាទីយប់ ជនសង្ស័យនិង ជនរងគ្រោះជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅផឹកស៊ី ក្នុងភោជនីយដ្ឋានមួយ យីហោ ហ្ស៊ឹម ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀត ប្រហែល១០នាក់ ។

លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើមទៅអោយជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែនៅពេលហុចបារីនោះ បារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យក៏អោនរើស បារីដែលធ្លាីក់ទៅលើដី ហុចទៅអោយជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើអោយជនសង្ស័យ និយាយថា ជនរងគ្រោះមើលងាយខ្លួន ។

ក្រោយមក ជនសង្ស័យបានទាញអាវុធខ្លីម៉ាក Lock19 ផលិតនៅប្រទេស USA ចេញពីកាបូបដាក់សម្ភារៈ មកបញ្ចូលគ្រាប់ រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែ ពេលនោះ ក៏ត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃាត់ចេញបំបែកចេញពីរៀងៗខ្លួន ហើយជនសង្ស័យបានរត់គេចខ្លួន ។ ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

បន្ទាប់មក នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចក៏តាមចាប់ខ្លួនជនសង្ស័យ បានតែម្តង ។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ តាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕